វីដេអូរុស្ស៊ីវាយប្រហារតាមដែនអាកាសលើព្រលានយន្តហោះយោធាអ៊ុយក្រែនជាថ្មីត្រឹមរយៈពេល១០ម៉ោង! ខណៈអ៊ុយក្រែនតបវិញថាបាន បាញ់ទម្លាក់អាវុធរបស់រុស្ស៊ីចំនួន៣៨២គ្រាប់

ក្រសួងការពារជាតិរបស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះថា៖ កងទ័ពរបស់ខ្លួនបានវាយប្រហារលើព្រលានយន្តហោះយោធា និងគ្រឿងបរិក្ខារយោធារបស់អ៊ុយក្រែនមួយចំនួន ខណៈដែលអ៊ុយក្រែនបាននិយាយថារុស្ស៊ីបានចាប់ផ្តើមវាយលុកតាមដែនអាកាសជាថ្មីលើទីក្រុង  Kiev និងតំបន់ផ្សេងៗទៀត។ យោងតាមសេចក្តីប្រកាសសង្ខេបប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាកងទ័ពរបស់រុស្ស៊ីបានចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំទៅលើព្រលានយន្តហោះ និងកន្លែងផ្ទុកគ្រឿងបរិក្ខារយោធារបស់អ៊ុយក្រែន ដោយប្រើអាវុធបាញ់រយៈចម្ងាយឆ្ងាយ និងយន្ដហោះបញ្ជា តាមដ្រូនក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ហើយក៏បានបាញ់ត្រូវគោលដៅដែលបានគ្រោងទុកទាំងអស់។ ជាងនេះទៅទៀតកងទ័ពរុស្ស៊ីក៏បានវាយប្រហារជាច្រើនលើកជាច្រើនសារជាមួយកងទ័ពអ៊ុយក្រែនក្នុងទីក្រុងKharkiv Donetsk, Dnipropetrovsk និងតំបន់ផ្សេងៗទៀត ហើយបានចាប់ផ្តើមប្រតិបត្តិការវាយលុកជាច្រើនដងដោយបំផ្លាញឧបករណ៍យោធារបស់អ៊ុយក្រែនដែរ។ គួរបញ្ជាក់ថាក្រសួងការពារជាតិរុស្ស៊ីក៏បញ្ចេញរូបភាពវីដេអូក្នុងថ្ងៃដដែលដោយបង្ហាញពីសម្មភាពកងទ័ពរុស្ស៊ីកំពុងបាញ់មីស៊ីលទៅលើទីតាំងជំរុំកងទ័ពអ៊ុយក្រែននៅតំបន់Nikolaev។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ រុស្ស៊ីបានវាយប្រហារតាមដែនអាកាសទៅលើទីក្រុង Kiev និងកន្លែងផ្សេងៗទៀត ដែលការវាយប្រហារនេះមានរយៈពេលប្រមាណ១០ម៉ោងប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តីក៏កងទ័ពអាកាសអ៊ុយក្រែនបានប្រកាសតាមបណ្តាញសង្គមខ្លួនឯងថា៖ ទីតាំងចំនួន៨កន្លែងនៅអ៊ុយក្រែនក៏ត្រូវបានរងនូវការវាយប្រហារដែរ។ ចាប់តាំងពីម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍មក កងកម្លាំងផ្លូវអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់គ្រាប់តាមដែនអាកាសចំនួន៣៨២គ្រាប់ហើយ ដោយនេះគឺជាថ្ងៃទី២និងបន្តបន្ទាប់ដែលអ៊ុយក្រែនបានរងនូវការវាយប្រហារទ្រង់ទ្រាយធំតាមដែនអាកាស។ អ្នកនាំពាក្យរដ្ឋធានីលោក Dmitry Peskov បាននិយាយថា៖ រុស្ស៊ីកំពុងរង់ចាំសញ្ញាពីអ៊ុយក្រែនសម្រាប់កិច្ចចរចារជាលើកទីបី។ គួររំលឹកថារុស្ស៊ីនិងអ៊ុយក្រែនធ្លាប់បានរៀបចំកិច្ចចរចារដោយផ្ទាល់ចំនួនពីរដងរួចមកហើយ នៅទីក្រុង Istanbul ប្រទេសតួកគីកាលពីថ្ងៃទី១៦ ខែឧសភា និងម្តងទៀតកាលពីថ្ងៃទី២ខែមិថុនា ដូច្នេះយើងរង់ចាំមើលជំនួបចរចារជាលើកទី៣ថានឹងមានអ្វីកើតឡើងខ្លះ! 

សម្រួលអត្ថបទ៖ ឡុង បញ្ញា