ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗ មិនត្រឹមតែដេីម្បីផលចំណេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគសម្រាប់អនាគត

ខេត្តកំពង់ធំ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា និងធ្វបទបង្ហាញនៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង និងដែលគាំទ្រដោយធនាគារARDB។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសមាជិគណៈកម្មាធិការកណ្តាល ហេីយជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល,ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាល ហេីយជាសមាជិយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
នៅក្នុងសិក្ខាសិលានោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន គឺពិតជាមានសារៈសំខាន់ណាស់ និងសមស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ ឯកឧត្ដមបណ្ឌិតបានសម្តែងកោតសរសើរដល់សមាគមសហគ្រិនវ័យក្មេង សហការរៀបចំសិក្ខាសាលានេះឡេីង ស្របពេលដែលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា និងសេដ្ឋកិច្ចកម្ពុជាដែលក៏កំពុងតែមានការងើបឡើងដែលបង្ហាញឲ្យឃើញនូវសូចនាករមួយនៃការចូលរួមជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
សម្រាប់ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា សហគ្រិនមិនត្រឹមតែបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបំពេញកាតព្វកិច្ចក្នុងការចូលរួមចំណែកនៃការកសាងជាតិរបស់ពួកគាត់ ជាពិសេស ការបង្កើតអាជីវកម្មបៃតង និងសេដ្ឋកិច្ចបៃតងជាដើម។
បន្ទាប់ពីអនុសាសន៍គន្លឹះរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ជូនដល់សហគ្រិនវ័យក្មេង ឧកញ៉ា ប៉ិច បូឡែន បានឡើងថ្លែងនិងរៀបចំកិច្ចពិភាក្សាយ៉ាងផុសផុល លេីប្រធានបទ កាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគត ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ បញ្ជាក់ថា បើយើងក្រលែកមើលភាពជាក់ស្តែង កម្ពុជានៅតែបន្តរក្សាបាននូវកណេីនល្អ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ក៏ដោយហើយកំណើនវិស័យកសិកម្មទៀតសោធត្រូវបានគាំទ្រ ជាមួយអនុវិស័យមួយចំនួនដូចជា ដំណំាស្រូវ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូ និងដំណំាដំឡូងមីជាដើម។
ទន្ទឹមនោះឯកឧត្តមបណ្ឌិតបានរំលឹកថា បច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងធ្វើធ្វើបរិវត្តកម្ម ទៅរកកសិកម្មបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ហេីយទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាពនិងធានាបានបរិយាបន្នសេដ្ឋកិច្ច តាមរយ:ការទទួលបានការគាំទ្រហិរញ្ញពិសេសពីរាជរដ្ឋាភិបាល។
បន្ទាប់ពីបទអន្តរាគមន៍របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងកិច្ចពិភាក្សារួចមក ឯកឧត្តម នុត អ៊ុនវ័ណរ៉ា និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដែលមានការសម្របសម្រួលដោយ ឧកញ៉ា ប៉ិច បូឡែន បានមានប្រសាសន៍លើកឡើងពី ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បញ្ហាប្រឈម និងការចាប់យកឱកាសថ្មីៗ របស់សហគ្រិនវ័យក្មេង ក្នុងការវិនិយោគ សម្រាប់អនាគតផងដែរ។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នាវានិវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាងសមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទាំងមូល។
បន្ថែមពីនេះ ឯកឧត្តមផ្តល់អនុសាសន៍ថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមតែសម្រាម់ផលចំណេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគទៅអនាគត។