ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការបណ្តុះបណ្តាលចំណេះដឹងជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចដល់អ្នកសារព័ត៌មានឲ្យបានច្រើនគឺជាការជួយផ្តល់នូវចំណេះដឹងដល់សាធារណជន ពង្រឹងនូវចំណេះសង្គមទៅលើការប្រើប្រាស់ផ្នែកហិរញ្ញវត្ថុឲ្យមានសុវត្ថិភាពនិងសេដ្ឋកិច្ចផ្សេងៗ,

ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានមួយចំនួន មិនទាន់យល់ពាក្យសេដ្ឋកិច្ចបានច្បាស់នៅឡើយផង ដែលជាឧបសគ្គមួយនៅក្នុងការយល់ពីប្រធានបទទាក់ទងវិស័យសេដ្ឋកិច្ច, បើសិនជាអ្នកសរសេរព័ត៌មានមិនយល់ពីប្រធានបទ តើអ្នកអានរបស់គាត់យល់ដែរឬទេ? ដូច្នេះចាំបាច់ត្រូវធ្វើការបណ្តុះបណ្តាលជំនាញផ្នែកសេដ្ឋកិច្ចជាមុន ដល់អ្នកសារព័ត៌មាន,

កិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ផ្នែកសេដ្ឋកិច្ចនេះ ក្រសួងព័ត៌មាន នឹងធ្វើកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា តាមរយៈការចុះ
អនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន, ដោយបានធ្វើពិធីចុះហត្ថលេខារវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការធ្វើឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីសុវត្ថិភាពផ្នែកហិរញវត្ថុគឺជាការចាំបាច់ ព្រោះប្រជាពលរដ្ឋមួយចំនួនកាលណាគាត់ទទួលបានព័ត៌មានមិនត្រឹមត្រូវ ហើយជាមួយចិត្តមនុស្សលោមលន់ចង់បានច្រើនថែមទៀត ហើយការដែលឃោសនា និងក្រុមហ៊ុនមួយចំនួនបើកដំណើរការគ្មានសុវត្ថិភាពត្រឹមត្រូវ ធ្វើឲ្យប្រជាពលរដ្ឋធ្វើការវិនិយោគទៅខុស ហើយបាត់ធនធានរបស់គាត់។
ដូច្នេះ ការចុះអនុស្សារណៈនាឱកាសនេះ
គឺដើរលើផ្លូវត្រូវ គឺត្រង់ថាយើងត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយពន្យល់អោយបានយល់ ហើយចាំបាច់ឲ្យប្រជាពលរដ្ឋចូលរួម, អញ្ចឹងហើយបានជានៅក្នុងក្របខណ្ឌនៃទំនាក់ទំនងសាធារណៈ ត្រូវមានចំណុចសំខាន់ចំនួន ៥រួមមាន ធ្វើឲ្យគេយល់ដឹង, ធ្វើឲ្យគេចងចាំ, ធ្វើឲ្យគេចូលរួមគាំទ្រ និងចូលរួមផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្ត្រី ជំរុញឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជា និង និយ័តករមូលបត្រកម្ពុជា បង្កើតកម្មវិធីប្រចាំខែផ្តោតសំខាន់
លើការផ្តល់ចំណេះដឹងផ្នែកសេដ្ឋកិច្ច និងមូលបត្រទីផ្សារ ដើម្បីផ្សព្វផ្សាយតាមប្រភពផ្លូវការគឺជាការចាំបាច់,។ តាមរយៈកម្មវិធីនេះ គឺផ្តល់ឱកាសដល់និយ័តករមូលបត្រកម្ពុជា ក្នុងការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋ និងសាធារណជនបានដឹង អំពីសារៈសំខាន់នៃវិស័យមូលបត្រដែលគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា, ទន្ទឹមនេះការចូលរួមពង្រឹងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុគឺជាការចាំបាច់ បើសិនជាផ្សារភាគហ៊ុនរបស់យើងដើរខ្លាំង នោះកាន់តែមានសកម្មភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងៗទៀត ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏ធ្វើកិច្ចការងារស្ថិតក្នុងប្រពន្ធ័ «ជវភាពនៃប្រព័ន្ធតូអង្គតែមួយ» ដែលជួយគាំទ្រទៅដល់ ក្រសួង ស្ថាប័ន និងអង្គភាពរបស់រដ្ឋផ្សេងៗទៀតទៅលើការផ្សព្វផ្សាយព័ត៌មាន ។
ក្រសួងព័ត៌មាន មានបណ្ដាញផ្សព្វផ្សាយផ្លូវការធំៗចំនួន ៤ គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) និង APP ក្រសួងព័ត៌មាន (APP MoINFO) ដែលផ្សព្វផ្សាយ និងផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងផ្លូវការ ។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជាថ្លែងថា តាមរយៈការប្រើប្រាស់យន្តការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន មិនត្រឹមតែអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រយោជន៍នោះទេ ព្រមទាំងជួយជំរុញការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដូចជា៖ ចំណេះដឹងមូលដ្ឋាន និងបទប្បញ្ញត្តិ ក៏ដូចជាបច្ចេកទេសនៃការវិនិយោគ និងការបោះផ្សាយលក់មូលបត្រជាសាធារណៈ ទៅដល់សាធារណជនជាពិសេសវិនិយោគិន និងក្រុមហ៊ុនបោះផ្សាយសក្តានុពល ដើម្បីជំរុញការចូលរួមឱ្យកាន់តែច្រើននៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គូរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់និយ័តករមូលបត្រកម្ពុជា ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជនទូទៅ ជាអាទិ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលបានតាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ៕