រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង អគ្គនាយកនិយ័តករមូលបត្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន,

( ភ្នំពេញ )៖ អនុស្សរណៈនៃការយោគយល់ រវាងក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន, ត្រូវបានធ្វើពិធីចុះហត្ថលេខាដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។
អនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់និយ័តករមូលបត្រកម្ពុជា ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជនទូទៅ ជាអាទិ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលបានតាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន ។
តាមរយៈការចុះអនុស្សរណៈនេះដែរ ក៏ជាកិច្ចសហការផលិតនូវមាតិកានានារបស់និយ័តករមូលបត្រកម្ពុជា ឱ្យកាន់តែច្រើនសម្បូរបែប ដោយស្របតាមសម័យកាលនៃព័ត៌មានឌីជីថល និងដើម្បីចូលរួមធ្វើការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។ ផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា ការសិក្សាស្រាវជ្រាវរួមគ្នា វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរបស់ស្ថាប័នទាំងពីរ។ រួមជាមួយកិច្ចសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍សម្រាប់អ្នកសារព័ត៌មាន ។
វិស័យមូលបត្រគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា ជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕