ថវិការបស់សម្តេចតេជោ ហ៊ុន សែន បានបន្តប្រគល់ជូនគ្រួសារមានសមាជិកទទួលមរណភាព ១១គ្រួសារ និងព្រះសង្ឃសុគត មួយអង្គ នៅឃុំរកាកោងទី១ និងទី២ ក្នុងស្រុកមុខកំពូល

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារនាំយកថវិកា ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ១១គ្រួសារ នៅឃុំរកាកោងទី២ និងចូលបុណ្យព្រះសង្ឃសុគត មួយអង្គ នៅវត្តពាមមង្គល ស្ថិតនៅក្នុងឃុំរកាកោងទី១ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ នៅក្នុងឃុំរកាកោងទី១ ឃុំរកាកោងទី២ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។

លោក លឹម លីន បានបន្ថែមថា ឯកឧត្តម ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារ ដែលមានសមាជិកទទួលមរណភាពហើយនោះ ឯកឧត្តមក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះប្រគល់ដល់គ្រួសារដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណៈភាព សម្ដេចទាំងទ្វេ តែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ ដែលមានក្រុមការងាររបស់ឯកឧត្តមហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសពផងដែរ។ ជាក់ស្តែងនាពេលនេះក្នុងចំណោមគ្រួសារសពទាំង ១១គ្រួសារនោះ ក្នុងមួយគ្រួសារ ទទួលបានថវិកា ១៥០,០០០រៀល ដោយឡែកព្រះសង្ឃសុគត មួយអង្គ នៅវត្តពាមមង្គល បានចូលរួមចំណែកជួយក្នុងការរៀបចំនានា អស់ថវិកា ៤១៥ដុល្លារ សរុបជាថវិកាអស់ ១,៦៥០,០០០រៀល និង ៤១៥ដុល្លារ។

នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ១១គ្រួសារ បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួប តែសេក្ដីសុខ និងសេចក្ដីចម្រើនផងដែរ៕