ពិតជាមានសមត្ថភាពខ្លាំងមែន! រោងចក្រផលិតជីធម្មជាតិ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងមួយថ្ងៃ អាចផលិតជី១០០តោន

ខេត្តកំពង់ស្ពឺ ៖ ដោយសារតែមានសន្ទុះគាំទ្រពីកសិករ មានការកើនឡើងខ្ពស់ រោងចក្រផលិតជីធម្មជាតិ ស្ថិតនៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អាចមានសមត្ថភាពផលិតជីបានប្រមាណ១០០តោន ក្នុងមួយថ្ងៃ។
បើតាមការបញ្ជាក់ពីលោក យន់ សុផាត ជាអគ្គនាយកនៃក្រុមហ៊ុន ហ៊ុយយន់ អេហ្គ្រីខលឈ័រ ប្រាប់ថា ក្រុមហ៊ុនផលិតជីរបស់លោក បានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានសមត្ថភាពផលិតជីបាន១០០តោន ក្នុងមួយថ្ងៃ។
លោកបន្តថា ជីធម្មជាតិ ដែលក្រុមហ៊ុនផលិតបាន មានចំនួន៣មុខសំខាន់ៗ ក្នុងនោះមាន៖ ជីគ្រាប់ សម្រាប់ការងារស្រែចម្ការ ជីទឹកធម្មជាតិ និងជីកំបោរកសិកម្ម ដែលភាគច្រើនជីទាំងនេះផលិតចេញពីកាកសំណល់ផ្សេងៗ និងលាមកសត្វ ដែលក្រុមហ៊ុនប្រមូលបានចូលរោងចក្រ។ ទីផ្សារនាពេលបច្ចុប្បន្ននេះ កសិករខ្មែរ បានងាកមកគាំទ្រផលិតក្នុងស្រុកសឹងតែទាំងស្រុង នេះក៏ដោយសារតែ ប្រទេសកម្ពុជាយើង បានជួបនូវបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលនាំឱ្យមានការបិទព្រំដែនដោយឯកតោភាគី និងបិទការនាំទំនិញផ្សេងៗចូលកម្ពុជា ផងដែរ។
លោកមើលឃើញថា នេះជារឿងមួយដែលសហគ្រិន និងអ្នករកស៊ីក្នុងស្រុកទាំងអស់គួរពិចារណា ប្រសិនបើអាចបង្កើនការផលិតរបស់ខ្លួនឱ្យកាន់តែធំតាមដែលអាចធ្វើទៅបាន មិនថាតែការផលិតជី ឬផលិតផលផ្សេងៗនោះទេ គួរនាំគ្នាបង្កើតឱ្យបានច្រើន។
ក្រុមហ៊ុនផលិតជីធម្មជាតិ ហ៊ុយយន់ ជារោងចក្រផលិតជីធុនតូចមួយ ដែលបានចូលរួមចំណែកដល់វិស័យកសិកម្មនៅកម្ពុជា និងបានជួយសម្អាតបរិស្ថានសង្គមតាមរយៈការប្រមូលកាកសំណល់មកកែច្នៃឡើងវិញ ផងដែរ៕