ដើម្បីជៀសវាងកាត់ចេញពីសមាជិក ប.ស.ស. មន្ត្រីជំរុញអ្នកគ្មានលទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងដល់ក្រុមការងារ

ភ្នំពេញ ៖ ក្នុងករណីសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អត់មានលទ្ធភាពបង់ភាគទានគាត់ត្រូវជូនដំណឹងមក ប.ស.ស. ជាមុនសិនបើគាត់អត់ជូនដំណឹងទេហើយមិនមានហេតុផលណាមួយច្បាស់លាស់ទេយើងនឹងកាត់គាត់ចេញពីសមាជិកភាពតែម្តង។ នេះបើតាមការបញ្ជាក់ពី លោក បណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែកក្កដា។
ប៉ុន្តែបើគាត់ជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬ តាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ក្នុងហេតុផលត្រឹមត្រូវហើយកំណត់រយៈពេលច្បាស់លាស់ទើបយើង អនុញ្ញាតឱ្យគាត់បន្តជាសមាជិកបាន។ ក្នុងករណីមិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត។
លោកបណ្ឌិតបានបន្តទៀតថា « ករណីហ្នឹងហើយបានជាយើងចេញជាប៉ុស្តិ៍ស្ទ័រជូនដំណឹងដល់ពួកគាត់ដោយសារមានអ្នកខ្លះគាត់អត់ដឹងរឿងហ្នឹងទេអត់បង់ភាគទានទេដល់ពេលគាត់ឈឺគាត់ចាប់ផ្តើមបង់ភាគទានមកលើស៦ខែអីចឹងកាលណាលើស៦ខែចូលក្នុងប្លេកលីសដែលមានន័យថាគាត់បោះបង់សិទ្ធិក្នុងការចូលជាសមាជិកប.ស.ស.» ។
លោកបណ្ឌិត បានពន្យល់ទៀតថា ប៉ុន្តែក្នុងកំឡុងពេលព្យួរឬផ្អាកការបង់វិភាគទានគាត់អាចប្រើប្រាស់ ប.ស.ស. បាន២ខែក្រោយ បន្ទាប់ពីនេះគាត់មិនអាចប្រើប្រាស់បានទេរហូតទាល់តែគាត់បង់ភាគទានឡើងវិញ។
លោកបណ្ឌិតបានបន្ថែមថា « ជាធម្មតាសមាជិក ប.ស.ស. ត្រូវបង់ភាគទានទើបអាចដំណើរការក្នុងការប្រើប្រាស់សេវាបានហើយប្រសិនបើមិនមានភាគទានទេគាត់ឈប់បង់ក្នុងខែហ្នឹងគាត់អាចមានសុពលភាពបាន២ខែជាបន្តទៀតហើយក្នុងករណីអស់សុពលភាព២ខែហ្នឹងហើយគឺចប់គ្មានសិទ្ធិប្រើប្រាស់សេវាជាបន្តទៀត។
អីចឹងហើយបានជាគេឱ្យគាត់ជូនដំណឹងមក ប.ស.ស. ក្នុងករណីគាត់អត់លទ្ធភាពបង់ភាគទានរយៈពេលប៉ុន្មានសុំព្យួរប៉ន្មានខែអីប៉ុន្មានខែអីចឹងទៅហើយប្រសិនបើមិនព្យួរទេនៅពេលគាត់មកបង់ថ្មីហ្នឹងគេមិនឱ្យចុះឈ្មោះជាបន្តទៀតទេជាប់ប្លេកលីសហើយក្នុងកំឡុងពេលហ្នឹងគាត់ក៏អត់មានសិទ្ធិប្រើសេវាទៀតដែរ»។
លោកបណ្ឌិតបានបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០២៥នេះ ប.ស.ស. មានសមាជិកកើនឡើងដល់៣លាន២សែននាក់ស្រី ១,៨លាននាក់ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ៥១ម៉ឺន ៨ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន ៩៥ម៉ឺននាក់បុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ២០ម៉ឺន៣ពាន់នាក់៕