អាជីវករនៅខេត្តស្ទឹងត្រែង ទទួលបានការបណ្តុះបណ្តាលស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម

ខេត្តស្ទឹងត្រែង ៖ អាជីវកម្មលក់ដុំ អ្នកលក់រាយថ្នាំកសិកម្ម និងជីកសិកម្មគិតមកត្រឹមបច្ចុប្បន្ននេះ ការលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅទូទាំងខេត្តស្ទឹងត្រែង មានចំនួន ១១៨ដេប៉ូ ក្នុងនោះ (ទីតាំងលក់ដុំ លក់រាយថ្នាំកសិកម្ម ចំនួន ៣២ដេប៉ូ និងទីតាំងលក់ដុំ លក់រាយជីកសិកម្ម ចំនួន ៩៥ ដេប៉ូ) ទទួលបានការបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដែលរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្ត។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ អាជីវករកាលពីមុនធ្វើអាជីវកម្មបែបយថាកម្ម អាចនិយាយបានថា ពួកគាត់ពុំមានរូបមន្តផ្សំតាមស្តង់ដារអ្វីនោះទេ តែរហូតមកទល់បច្ចុប្បន្ន ក្នុងសម័យទំនើប ពួកគាត់មានលទ្ធភាពអាចផលិតជីកសិកម្ម ដែលមានគុណភាពយ៉ាងល្អ ដែលអាចជួយដល់កសិករបានយ៉ាងច្រើន។ ហើយតទៅមុខទៀត យើងនឹងរំពឹងថា ការអភិវឌ្ឍន៍ចំពោះកសិកម្មនៅខេត្តស្ទឹងត្រែង នឹងទទួលបានជោគជ័យកាន់តែខ្ពស់ក្នុងការឆ្លើយតបរបស់កសិករទៅកាន់ទីផ្សារ ។

លោកប្រធានមន្ទីរបានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ ការងារបង្កបង្កើនផលដំណាំស្រូវសម្រេចបានសរុបចំនួន ២៨.៥៩២ហិកតា ស្មើនឹង១០៣%។ ដំណាំសាកវប្បកម្មអនុវត្តបានសរុបចំនួន ៥.៩៤០ ហិកតា ស្មើនឹង ២១៩% នៃផែនការ។ ដំណាំឧស្សាហកម្មអនុវត្តបានសរុប ៤៤៤.៤៥១,៣៥១.៣ ហិកតាស្មើនឹង ១២១% នៃផែនការ។

ខេត្តស្ទឹងត្រែង បានជួបប្រទះនូវគ្រោះទឹកជំនន់ ដែលធ្វើឲ្យខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋចំនួន ១៣៣ហិកតា។ ចំពោះទិន្នផលស្រូវនៅខេត្តស្ទឹងត្រែង គិតជាមធ្យមទទួលបានចំនួន ២,៧៥ តោន/ហិកតា បើប្រៀបធៀបនឹងបណ្តាខេត្តភាគខាងក្រោម គឺខេត្តស្ទឹងត្រែងមានទិន្នផលទាបជាង។ សម្រាប់ទិន្នផលស្រូវ ដែលប្រជាកសិករនៅខេត្តស្ទឹងត្រែងផលិតបាន គឺមានបរិមាណគ្រប់គ្រាន់សម្រាប់តម្រូវការប្រជាជនចំនួន ១៨៣.៤៧៧ នាក់ និងមានតុល្យភាពស្បៀងប្រមាណ ២៦.២៣៧ តោនគិតជាអង្ករ ស្បៀងនៅសល់ចំនួន ១៧.៤០៩ តោន។ ជាមួយគ្នានេះ ខេត្តស្ទឹងត្រែងក៏មានសហគមន៍កសិកម្មចំនួន ៣៩ សហគមន៍ផងដែរ ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍គាំទ្រយុទ្ធសាស្ត្រនេះ ព្រោះបច្ចុប្បន្នក្រសួងកសិកម្ម បានសម្រេចឲ្យមានមន្ត្រីកសិកម្មប្រចាំនៅតាមឃុំសង្កាត់និមួយៗ ដើម្បីជួយគ្រប់យន្តការក្នុងការធ្វើឲ្យសម្រេចសន្តិសុខស្បៀង ។

លោកក៏បានណែនាំទៅមន្ត្រីក្នុងក្របខ័ណ្ឌប្អូនៗ ដែលជាកាតព្វកិច្ចជាប់ចំណងនិងឯកសណ្ឋាន តួនាទីក្របខ័ណ្ឌរបស់ប្អូនៗ ដូច្នេះសូមឲ្យលោកលោកស្រីមេឃុំចៅសង្កាត់ យកចិត្តទុកដាក់អប់រំតម្រង់ទិសប្អូនៗ ដែលជាមន្ត្រីកសិកម្មឃុំ ឲ្យគាត់រួមចំណែកដើម្បីផ្សព្វផ្សាយ និងវគ្គដែលយើងបានរៀបចំ ដែលប្អូនៗបានឈរនៅលើឆន្ទៈ មនសិកា និងវិជ្ជាជីវៈក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដ៏ពិតប្រាកដ៕