នាយករដ្ឋមន្ត្រីចិនជំរុញឱ្យប្លុក BRICS ដឹកនាំកំណែទម្រង់អភិបាលកិច្ចជាសកល! ខណៈពិភពលោកកំពុងប្រឈមនឹងជម្លោះ ឯកតោភាគីនិយម និង បាត់បង់ការគោរពគ្នាទៅវិញទៅមក

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាននិយាយថា បណ្តាប្រទេស BRICS គួរតែខិតខំប្រឹងប្រែងដើម្បីក្លាយជាអ្នកការពារក្នុងដំណើរការជំរុញកំណែទម្រង់អភិបាលកិច្ចពិភពលោកច្រើនជាង។ លោក Li បានធ្វើការកត់សម្គាល់បែបនេះអំឡុងពេលរូបបានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គស្តីពី “សន្តិភាព និងសន្តិសុខ និងកំណែទម្រង់អភិបាលកិច្ចសកល” នៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៧ ដោយលោកបានអំពាវនាវឱ្យប្លុកនេះត្រូវការពារសន្តិភាពក្នុងតំបន់ និងសន្តិភាពពិភពលោក និងជំរុញការដោះស្រាយជម្លោះដោយសន្តិវិធីដែរ។ មេដឹកនាំនៃបណ្តាប្រទេស BRICS បានចូលរួមកិច្ចប្រជុំនេះ ដែលធ្វើឡើងក្រោមអធិបតីភាពលោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva ។ លោក Li បាននិយាយថាបច្ចុប្បន្ននេះ ការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងមួយសតវត្សចុងក្រោយនេះកំពុងកើតឡើងក្នុងល្បឿនដ៏លឿនបំផុត ទាំងផ្នែកច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិកំពុងត្រូវបានប្រឈមយ៉ាងធ្ងន់ធ្ងរ ហើយសិទ្ធិអំណាច និងប្រសិទ្ធភាពនៃស្ថាប័នពហុភាគីនៅតែបន្តធ្លាក់ចុះដដែល។ លោក Li បាននិយាយថា ចក្ខុវិស័យនៃអភិបាលកិច្ចសកលដែលដាក់ចេញដោយប្រធានាធិបតីចិនលោក Xi Jinping ដែលបានកំណត់លក្ខណៈដោយការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ក្នុងការចូលរួមចំណែក និងផលប្រយោជន៍រួម បានបង្ហាញឱ្យឃើញបន្ថែមទៀតនូវតម្លៃសហសម័យ និងសារៈសំខាន់ជាក់ស្តែងរបស់ខ្លួនដែរ។ ប្រឈមមុខនឹងជម្លោះ និងភាពខុសគ្នាកាន់តែខ្លាំងឡើង ចាំបាច់ត្រូវបង្កើនការពិគ្រោះយោបល់យ៉ាងឲ្យបានទូលំទូលាយដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។ នៅចំពោះមុខផលប្រយោជន៍រួមដែលជាប់ទាក់ទងគ្នាយ៉ាងជ្រាលជ្រៅ ចាំបាច់ត្រូវបន្តការរួមចំណែកគ្នាតាមរយៈសាមគ្គីភាព។ លោក Li បាននិយាយថា នៅចំពោះមុខឱកាសអភិវឌ្ឍន៍ដែលមានផលប្រយោជន៍ទៅវិញទៅមក ចាំបាច់ត្រូវតែមានចិត្តបើកចំហ ដើម្បីស្វែងរកភាពជោគជ័យទៅវិញទៅមក និងផលប្រយោជន៍រួមគ្នា។ លោក Li បានកត់សម្គាល់ថា ក្នុងនាមជាកម្លាំងឈានមុខគេនៃសកលលោកខាងត្បូង ឬ Global South បណ្តាប្រទេស BRICS គួរតែប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងការពឹងផ្អែកលើខ្លួនឯង បង្ហាញពីស្មារតីនៃការទទួលខុសត្រូវ និងដើរតួនាទីកាន់តែធំក្នុងការកសាងនូវភាពយល់ស្រប និងការរួមបញ្ចូលគ្នា។ នាយករដ្ឋមន្ត្រីចិនរូបនេះក៏បានអំពាវនាវឱ្យប្លុកនេះប្រកាន់ខ្ជាប់នូវសីលធម៌ និងយុត្តិធម៌ ហើយស្វែងរកដំណោះស្រាយជាមូលដ្ឋានដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានីមួយៗ។ លោក Li បាននិយាយថា បណ្តាប្រទេស BRICS ក៏គួរតែផ្តោតសំខាន់លើការអភិវឌ្ឍ និងជំរុញកត្តាកំណើនសេដ្ឋកិច្ច ដោយលោកបន្ថែមថាពួកគេគួរតែសកម្មដឹកនាំកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងទាញយកសក្តានុពលកំណើននៃវិស័យដែលកំពុងរីកចម្រើនទាំងឡាយ។ ជាការកត់សម្គាល់ថាប្រទេសចិននឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវចិន-BRICS លើកម្លាំងផលិតភាពគុណភាពថ្មីនៅឆ្នាំនេះ ដោយលោក Li ក៏បានប្រកាសពីកម្មវិធីអាហារូបករណ៍សម្រាប់បណ្តាប្រទេស BRICS ដើម្បីជួយសម្រួលដល់ការបណ្តុះទេពកោសល្យក្នុងវិស័យនានារួមទាំងឧស្សាហកម្ម និងទូរគមនាគមន៍ផងដែរ។ លោក Li បាននិយាយថា វាជាភាពចាំបាច់ណាស់សម្រាប់បណ្តាប្រទេស BRICS ក្នុងការជំរុញឱ្យមានបរិយាប័ន្ន និងជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ ដោយអំពាវនាវឱ្យប្រទេសនានាដើរតួជាអ្នកតស៊ូមតិសម្រាប់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានៃអរិយធម៌ ដោយខិតខំធានាឱ្យបាននូវអរិយធម៌ចម្រុះរីកចម្រើនជាមួយគ្នាតាមរយៈការពង្រឹងគ្នាទៅវិញទៅមក។ លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការរួមដៃជាមួយបណ្តាប្រទេស BRICS ផ្សេងទៀត ដើម្បីលើកកម្ពស់អភិបាលកិច្ចពិភពលោកក្នុងទិសដៅដ៏ត្រឹមត្រូវ ស្មើភាព ប្រសិទ្ធភាព និងសណ្តាប់ធ្នាប់ ដោយធ្វើការរួមគ្នាដើម្បីកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ មេដឹកនាំនៃប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំបានកត់សម្គាល់ថា យន្តការកិច្ចសហប្រតិបត្តិការ BRICS បានបន្តរីកចម្រើនកាន់តែរឹងមាំ និងតំណាងកាន់តែច្រើន ដោយឥទ្ធិពលអន្តរជាតិរបស់វាកើនឡើងជាលំដាប់។ ពួកគេបាននិយាយថា វាបានផ្តល់នូវវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេស Global South ដើម្បីការពារសិទ្ធិរបស់ពួកគេក្នុងការអភិវឌ្ឍន៍ លើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ និងចូលរួមក្នុងការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល។ នៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់កាន់តែខ្លាំងឡើង ដែលលទ្ធិឯកតោភាគីនិយម និងលទ្ធិគាំពារនិយមក៏កំពុងកើនឡើង ដោយពួកគេបាននិយាយថា៖ បណ្តាប្រទេស BRICS គួរតែពង្រឹងសាមគ្គីភាព និងការសម្របសម្រួល ការពារគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រ និងអនុវត្តពហុភាគីនិយម និងរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍រួម កែលម្អអភិបាលកិច្ចសកល និងការលើកកម្ពស់សន្តិភាព និងវិបុលភាពយូរអង្វែងនៅទូទាំងពិភពលោក ពីក្នុងកិច្ចប្រជុំកំពូលនៃទីក្រុង Rio de Janeiro លើកទី១៧នេះ៕
សម្រួលអត្ថបទ៖ Borinika Sopharin Em