“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ និងគ្រោងដាក់ដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ

នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានញ្ជើញចូលរួមជាអធិបតីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ។ ពិធីនេះក៍មានការចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមហ៊ុន SCG និង WACC មន្រ្តីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កម្មករ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រារព្ធឡើងដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ ធ្វើចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” សម្រេចបាន ៩៦% (គ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥) ស្ពាននេះមានប្រវែង ១ ៧៦១ម ទទឹងស្ពានមានប្រវែង ១៣,៥ម ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥មx២) គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង(១,៧៥មx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង(១មx២) និងបង្កាន់ដៃស្ពាន ទទឹង(០,៥មx២) ស្ពានមានសសរជើងស្ពានចំនួន ៣៦ និងផ្លូវនាវាចរមានទំហំ១០០មx១៥ម ស្របពេលដែលគម្រោងទាំងមូលសម្រេចបាន ៧០% នឹងគ្រោងបញ្ចប់នាខែកក្កដា ឆ្នាំ២០២៦។
ស្ពាននេះ នឹងបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូននៅក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្ដាខេត្តស្ថិតនៅភូមិភាគឦសាន បន្ថែមពីលើនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព លើសពីនេះគម្រោងនេះ ក៏នឹងចូលរួមលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) ការតភ្ជាប់អនុតំបន់អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងអនុតំបន់មេគង្គឡានឆាង៕