រកឃើញរថយន្តដឹកលើសកម្រិតកំណត់ ចំនួន៣គ្រឿង ត្រូវបានពិន័យជាប្រាក់ទៅតាមច្បាប់

ខេត្តកោះកុង ៖ បើតាមការបញ្ជាក់ពីមន្ត្រីសាធារណៈការ បានអោយដឹងថា ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅ២ទីតាំងលើផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង រកឃើញរថយន្ត៣គ្រឿងផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី២០ទៅ២៣តោន។

មន្ត្រីសាធារណៈការ បានអោយដឹងថា ២ទីតាំងដែលមន្ត្រីចុះត្រួតពិនិត្យនោះមានដូចជា ចំណុចគីទ្បូម៉ែត្រលេខ៦៨ ស្រុកបុទុមសាគរ ត្រួតពិនិត្យយានយន្តចំនួន០៤គ្រឿង រកឃើញផ្ទុកទម្ងន់លើសកម្រិតកំណត់ចំនួន០២គ្រឿង ចន្លោះពី២០ដល់២១តោន។ ដោយទ្បែក មួយទីតាំងទៀត នៅចំណុចគីទ្បូម៉ែត្រលេខ៣ ស្រុកស្រែអំបិល ត្រួតពិនិត្យយានយន្តចំនួន០៣គ្រឿង ក្នុងនោះមានតែ០១គ្រឿងប៉ុណ្ណោះ ដែលផ្ទុកលើសការកំណត់ចំនួន២៣តោន។ រថយន្តចំនួន០៣គ្រឿង ដែលដឹកលើសការកំណត់ ត្រូវបានពិន័យជាប្រាក់ទៅតាមច្បាប់។

មន្ត្រីបានបញ្ជាក់ថា ក្រសួងនៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ។ សូមរំឭកថា កាលពីថ្ងៃទី២៩ឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ កុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់។ បើសិនជាដឹកលើស នោះនឹងនាំឈានដល់ការផាកពិន័យធ្វើឱ្យខាតបង់ថវិកា និងពេលវេលា នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ៕