រដ្ឋបាលក្រុងព្រះសីហនុ ថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្សារលើ និងផ្លូវនៅជិតផ្សារដារាសំណាង ក្នុងក្រុងព្រះសីហនុដែលបានចូលរួមរុះរើសំណង់ផ្សេងៗក្នុងការបើកផ្លូវឲ្យធំទូលាយតាមប្លង់ប្រពន្ធ័ !

នេះបើយោងតាមការអោយដឹងពី លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ហើយលោកបានបញ្ជាក់ទៀតថា លទ្ធផលនេះគឺកើតឡើងពីកិច្ចសហការល្អពីព្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មដែលនៅតាមផ្លូវនេះ ទាំងជុំវិញផ្សារលើ និងទាំងផ្លូវជិតផ្សារដារាសំណាង បើទោះជាដំបូងៗនៅមានការជជែកពីការប៉ះ ពាល់សំណង់មួយចំនួនយ៉ាងណាក្តី ប៉ុន្តែចុងក្រោយ ទាំងអាជ្ញាធរទាំងប្រជាពលរដ្ឋបានឯកភាពយកប្រយោជន៍សាធារណៈជាធំ ទើបឈានដល់ការពង្រីកបើកផ្លូវនេះបាន។

សូមជម្រាបថា ក្រៅពីផ្លូវទាំង២ខ្សែនេះ រដ្ឋបាលក្រុង ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនៅតាមខ្សែផ្លូវមួយចំនួនទៀតក្នុងក្រុងព្រះសីហនុ ដែលសហការបើកទំហំផ្លូវតាមប្លង់ប្រពន្ធ័ឡើងវិញជាបន្តបន្ទាប់កន្លងមក និងថានៅមានផ្លូវតាមភូមិ សង្កាត់មួយចំនួនទៀត អាជ្ញាធរក៏គ្រោងនឹងបើកតាមប្លង់ប្រពន្ធ័ជាបន្តបន្ទាប់ទៀតដែរ ជាមួយការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីបើកផ្លូវឲ្យធំទូលាយ ងាយ ស្រួលដល់ការធ្វើដំណើរចេញចូល ឬអន្តរាគមន៌ពីរថយន្តសង្គ្រោះ ក្នុងករណីមានហេតុការណ៍គ្រោះអគ្គិភយ័កើតឡើងជាដើម៕CMD