ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ភី សុភាត់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាង ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនាភាពគុណភាពការងារស្ថាបនាផ្លូវជាតិលេខ៧ពីពីរគន្លងទៅបួនគន្លង ពីរង្វង់មូលស្គន់ ស្រុកជេីងព្រៃ ទៅគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%ហើយ។
លោកអភិបាលខេត្តកំពង់ចាម បានធ្វើការស្នើឱ្យក្រុមហ៊ុនជួយសម្របសម្រួលការអ៊ុតកៅស៊ូដែល នៅសល់ប្រវែង៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃផង។ នឹងដោយឡែក លោកអភិបាលខេត្ត ធ្វេីការជំរុញបន្ថែមដល់ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋានសហការជាមួយដោះស្រាយនូវផលប៉ះពាល់មួយចំនួនដែលនៅសេសសល់ឱ្យរួចរាល់និងចូលរួមពង្រឹងបន្ថែមលើសុវត្ថិភាពសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឱ្យបានស្រស់ស្អាតផងដែរ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញនៅប្រអប់លូចេញចូលផ្ទះរបស់ប្រជាពលរដ្ឋនៅទីប្រជុំស្គន់ ដោយធ្វើយ៉ាងណាឲ្យមានជំរេលងាយស្រួលធ្វើដំណើរចេញចូលផ្ទះពួកគាត់ និងជួយដោះស្រាយប្រព័ន្ធលូបង្ហូរទឹកចេញទៅក្រៅពោលគឺកុំធ្វើឱ្យប៉ះពាល់ដល់លំនៅឋាននិងដីភូមិប្រជាពលរដ្ឋ។
សូមជំរាបជូនថា គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាមនេះ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ គម្រោងនេះមានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចំពោះទទឹងផ្លូវវិញនៅតំបន់ក្រៅទីប្រជុំ មានទទឹង២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជនមានទទឹង២០ម៉ែត្រកន្លះ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕