អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)
និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹងផ្នែកច្បាប់ សច្ចធម៌ប្រវតិ្តសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងបទពិសោធន៍នៃដំណើរការនីតិវិធីជំនុំជម្រះ និងការងាររដ្ឋបាលតុលាការ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជា
ឧត្តមានុវត្តន៍ជាក់ស្តែងរបស់ អ.វ.ត.ក.។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម ក្រាញ់ តូនី
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និង ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅមជ្ឈមណ្ឌលធនធាននៃអ.វ.ត.ក.។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង កិច្ចសហការគ្នាលើការងារចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបទពិសោធន៍ច្បាប់នៃដំណើរការនីតិវិធីជំនុំជម្រះ និងរដ្ឋបាលតុលាការ ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជូនដល់សិស្សវិជ្ជាជីវៈនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា តាមរយៈកម្មវិធីបណ្តុះបណ្តាលនានា សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការស្រាវជ្រាវផ្នែកច្បាប់ ទស្សនកិច្ចសិក្សា និងការងារផ្សព្វផ្សាយឯកសារពាក់ព័ន្ធនឹងចំណេះដឹងច្បាប់ និងរដ្ឋបាលតុលាការ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក.មានប្រសាសន៍ថា៖ “កិច្ចសហការរវាង អ.វ.ត.ក. និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានៅពេលនេះ គឺដើម្បីបញ្ចូលផ្នែកយុត្តិសាស្រ្ត និងបទពិសោធន៍របស់ អ.វ.ត.ក. ទៅក្នុងកម្មវិធីសិក្សាបណ្តុះបណ្តាលផ្នែកច្បាប់សំដៅលើកកម្ពស់ការស្រាវជ្រាវ ការសន្ទនា ស្តីពីយុត្តិធម៌អន្តរកាល និងច្បាប់មនុស្សធម៌អន្តរជាតិព្រមទាំងគាំទ្រសកម្មភាពនានាក្នុងការចែករំលែកចំណេះដឹង និងសិក្ខាសាលារួមគ្នាដែលបង្កើនការយល់ដឹងអំពីស្តង់ដារច្បាប់កម្ពុជា និងអន្តរជាតិ”។
ចំណែកឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានសម្តែងក្តីរីករាយ ដោយលើកឡើងថា “ អ.វ.ត.ក បានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រក្នុងការផ្តល់យុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្ម ក្នុងរបបខ្មែរក្រហម តាមរយៈដំណើរការនីតិវិធី និងបានរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យការអនុវត្តច្បាប់ យុត្តិសាស្រ្ត និងនីតិរដ្ឋរបស់កម្ពុជា ចំណែកបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលឈរនៅជួរមុខនៃការអប់រំបណ្តុះបណ្តាល និងការកសាងសមត្ថភាពខាងតុលាការ បេសកកម្មសំខាន់គឺការបណ្ដុះបណ្ដាលចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ហេតុនេះស្ថាប័នទាំងពីរមានភាពស៊ីសង្វាក់គ្នាជាមួយនឹងកេរដំណែល និងមេរៀនល្អ ដែលបានទទួលពី អ.វ.ត.ក.”។
ស្ថាប័នទាំងពីរសុទ្ធតែមានក្តីរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយទៅជាឱកាសដ៏ល្អមួយក្នុងការជំរុញលើកទឹកចិត្តនិស្សិតមកចុះកម្មសិក្សានៅ អ.វ.ត.ក., ចូលរួមសិក្សាស្រាវជ្រាវពីសមិទ្ធផលដែលជាមរតកប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក. ដើម្បីយល់ដឹងកាន់តែច្បាស់ពីអំពើឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ចូលរួមការពារសន្តិភាព និងចូលរួមបំបាត់នូវវប្បធម៌និទណ្ឌភាព ព្រមទាំងជួយជម្រុញលើកទឹកចិត្តនិស្សិតក្នុងការចូលរួមប្រកួតប្រជែងសវនាការប្រឌិតថ្នាក់ជាតិ និងលើឆាកអន្តរជាតិផងដែរ។
កំណត់ចំណាំចំពោះបណ្ណាធិការនិពន្ធ
អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) គឺជាសាលាក្តីកូនកាត់មួយដែលត្រូវបានបង្កើតឡើង ដើម្បីនាំមកនូវការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម។ អ.វ.ត.ក. មានទីតាំងនៅរាជធានីភ្នំពេញ ជាស្ថាប័នដែលបានរួមបញ្ចូលគ្នានូវគោលការណ៍ច្បាប់អន្តរជាតិ និងកម្ពុជា ដើម្បីកាត់ទោសជនល្មើសនៃបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរទាក់ទងនឹអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
អំពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជាមួយនេះ សំដៅ ៖
ទី១)-ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២)-ពង្រីកសក្តានុពលភាពនៃស្ថាប័ននេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកាន់ការងារច្បាប់ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេស មន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាពរដ្ឋបាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣)-លើកកម្ពស់សមត្ថភាពផ្នែកសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍ដល់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា ៕