លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទទួលបដិសណ្ឋារកិច្ចដឹកនាំ លោកជំទាវ ជឺលុយ លូ ភរិយាឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋសិង្ហបុរី ទស្សនកិច្ចនៅសារមន្ទីរជាតិ 

នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយាដ៏ឧត្តុង្គឧត្តម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចដឹកនាំ លោកជំទាវ ជឺលុយ លូ ឧត្តមភរិយា នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋសិង្ហបុរី អញ្ជើញទស្សនកិច្ចនៅសារមន្ទីរជាតិ ស្ថិតនៅខាងជើងជាប់ព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋសិង្ហបុរី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា 

នៅក្នុងដំណើរទស្សនកិច្ចនៅព្រឹកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំ លោកជំទាវទី១ របស់សាធារណរដ្ឋសិង្ហបុរីនិងឆ្លៀតឲ្យកាសស្វែងយល់ពីសារមន្ទីរជាតិ នៃព្រះរាជាណាចក្រកម្ពុជាដែលជាទីតាំប្រមូលផ្តុំដោយវត្ថុបុរាណដែលមានតាំងពីមុនសម័យអង្គរ និងសម័យអង្គរ 

ជាទីតាំងដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញយ៉ាងច្បាស់ពីភាពសំបូរបែបន័យវប្បធម៌ អរិយធម៌ខ្មែរ ដែលបានបន្សល់ទុកពីសម័យបុរាណកាល ។

សារមន្ទីរជាតិត្រូវបានកសាងនៅថ្ងៃ១៥ សីហា ១៩១៧ តាមរចនាបទ ស្ថាបត្យកម្ម ខ្មែរ និងសម្ភោធ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និងមានការចូលរួមដោយ អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា ដែលមានបណ្ដោយ៥៤ម៉ែត្រ និង ជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២ម៉ែត្រកន្លះ។

ក្នុងឱកាសនោះមគ្គុទេសជំនាញបានបង្ហាញ លោកជំទាវទី១ របស់សាធារណរដ្ឋសិង្ហបុរី អំពីការតំកល់ តំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និង សម័យអង្គរ ។ ជាការប្រមូល ថែរក្សាទុកដ៏ល្អ សម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុ បុរាណ សិល្បៈ សាសនា បុរាណវិទ្យាខ្មែរ តាំងពី សតវត្សទី៤ រហូត ដល់សតវត្សទី១៣ ។ នៅក្នុងការទស្សនានេះផងដែរ មគ្គុទេសជំនាញ បានពន្យល់ លោកជំទាវទី១ របស់សាធារណរដ្ឋសិង្ហបុរី អំពីអត្ថន័យទៅតាមក្បូរក្បាច់ចំលាក់នីមួយៗ ដែលជាវត្ថុបុរាណដ៏មានតម្លៃបំផុត ដែលដូនតាខ្មែរបានបន្សល់ទុកសំរាប់បញ្ជាក់ពីអត្តសញ្ញាណ ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ៕