ក្រសួងបរិស្ថាន និងអង្គការ IDE ចុះកិច្ចព្រមព្រៀងអនុវត្ដគម្រោងស្ដីពី «កម្មវិធីអភិវឌ្ឍន៍ទីផ្សារដើម្បីទ្រទ្រង់អ្នកក្រីក្រ»

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចុះហត្ថលេខាជាមួយអង្គការ IDE លើកិច្ចព្រមព្រៀងអនុវត្ដគម្រោងស្ដីពី «កម្មវិធីអភិវឌ្ឍន៍ទីផ្សារដើម្បីទ្រទ្រង់អ្នកក្រីក្រ»។
លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងក្រសួងនិងអង្គការនេះ រៀបចំឡើងដើម្បីបង្កើតភាពជាដៃគូក្នុងការកំណត់គោលដៅ និងអាទិភាពលើការពង្រឹងការងារគ្រប់គ្រងសំណល់រឹងតាមរយៈការចែករំលែកចំណេះដឹង និងកិច្ចសហការរួមក្នុងការដោះស្រាយលើការងារអាទិភាព ជាពិសេសលើការ ពង្រឹងគុណភាព និងការពង្រីកសេវាគ្រប់គ្រងសំរាម សំណល់រឹង នៅតាមតំបន់ជនបទ និងជាយក្រុង។ ក្រសួងបរិស្ថានបន្ថែមថា តាមរយៈគម្រោងនេះអង្គការ IDE កំពុងអនុវត្ដគំរូសាកល្បងបង្កើតទីផ្សារនៃការគ្រប់គ្រងសំណល់រឹងនៅតំបន់ដាច់ស្រយាល នៅក្នុងស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង។ ការបង្កើតនេះ ដើម្បីពង្រីកវិសាលភាពនៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតំបន់ជនបទដែលពុំមានសេវាប្រមូលគ្រប់គ្រាន់។ លើសពីនេះ បានរួមចំណែកក្នុងការទប់ស្កាត់លើការទុកដាក់សំណល់រឹងមិនបានត្រឹមត្រូវ ការដុតសំរាមអនាធិបតេយ្យ និងការបំពុលដោយសំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប។
អនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕