រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Tiziana Bonapace ប្រធាននាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៃ UN-ESCAP លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា អនុប្រធាននិងសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងអង្គទូត តំណាងអង្គការអន្តរជាតិ ជនបង្គោលនិងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ វិស័យឯកជន និងសាធារណជនប្រមាណ ៤5០នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “ការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ពិតជាបានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព និងក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំនិងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត ឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។” បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នវាយតម្លៃអំពីកម្រិតហានិភ័យនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងករណីប្រើប្រាស់នីមួយៗក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតបដែលសមស្រប សំដៅគ្រប់គ្រងបាននូវហានិភ័យ តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេសនឹងផ្ដល់ការគាំទ្រតាមលទ្ធភាពនិងទិសដៅអាទិភាពដែលបានរៀបចំនៅកម្រិតជាតិ។ និយាយសាមញ្ញ៖ តួអង្គពាក់ព័ន្ធគ្រប់វិស័យ “មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI សូមកុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សូមជម្រាបជូនថា សិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា” មានគោលបំណងសម្ពោធនិងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្តល់សុពលភាពលើមតិយោបល់ដែលក្រសួង ស្ថាប័នបានផ្តល់មកលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតកន្លងមក និងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធផ្សេងៗរួមមានវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ សង្គមស៊ីវិល អ្នកប្រកបវិជ្ជាជីវៈ និងសិស្សានុសិស្សដែលសិក្សាជំនាញពាក់ព័ន្ធ ក្នុងគោលដៅធ្វើឱ្យយុទ្ធសាស្ត្រជាតិកាន់តែល្អប្រសើរ និងលើកកម្ពស់ការត្រៀមខ្លួនរួចរាល់ដើម្បីឱ្យរាល់ភាគីពាក់ព័ន្ធចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិនេះនៅពេលដាក់ឱ្យប្រើប្រាស់៕