ឯកឧត្តម ចាយ បូរិន ទទួលជួបពិភាក្សាការងារជាមួយ ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបពិភាក្សាការងារជាមួយ ព្រះតេជគុណបណ្ឌិត UPAGUPTA MAHATHERO (យូប៉ាហ្គូបតា ម៉ាហាថេរ៉ូ) ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណៈប្រតិភូ ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។
នាឱកាសនេះ ព្រះតេជគុណបណ្ឌិត ប្រធានគណៈកម្មការបោះពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា បានមានថេរដីការ ជម្រាប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អំពី កិច្ចការងាររបស់គណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា លើវិស័យព្រះពុទ្ធសាសនា និងដោយឃើញនៅការរីកចម្រើនលើវិស័យសាសនាព្រះពុទ្ធគួរឲ្យកត់សម្គាល់ ពិសេសកម្ពុជាបានអភិរក្សភាសាបាលីបានយ៉ាងល្អប្រសើរ ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ជម្រាបព្រះតេជគុណថា នៅកម្ពុជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋគោរពប្រតិបត្តរហូតទៅដល់ជាង ៩៥% និងបានដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ តាមរយៈការអប់រំដើរទៅតាមព្រះពុទ្ធឱវាទ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តដឹកនាំដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ គោរពប្រតិបត្តិ អភិវឌ្ឍន៍ និងអភិរក្សលើទំនៀមទំលាប់ ប្រពៃណីដ៏ល្អផូរផង់នេះ និងក៏បានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ដែលជ្រកក្រោមម្លប់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវគោរពដាច់ខាតលើច្បាប់របស់ប្រទេស ។
ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍន៍និងអភិរក្សព្រះពុទ្ធសាសនា ក្រសួងធម្មការនិងសាសនា បានរៀបចំទីតាំងប្រវត្តិសាស្រ្តសាសនាសំខាន់ៗ ដើម្បីផ្សព្វផ្សាយផ្តោតសំខាន់លើទេសចរណ៍សាសនា។ តាមរយៈនេះសូមថ្វាយបង្គំ ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា នៅការជំរុញផ្សព្វផ្សាយទេសចរណ៍សាសនា រវាងប្រទេសនិងប្រទេស ប្រជាជននិងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ឥណ្ឌាឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
ឯកឧត្តម ចាយ បូរិន សូមថ្វាយបង្គំប្រគេនព្រះពរ ដល់ព្រះតេជគុណ ប្រធានគណៈកម្មការបោះ ពុម្ព និងទំនាក់ទំនងព្រះសង្ឃនៅរដ្ឋប៊ីហា ប្រទេសឥណ្ឌា និងគណប្រតិភូ ជួយតែព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕