អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់រួមគ្នារក្សាភាពសុចរិតព័ត៌មាន ដើម្បីសន្តិភាពនិងស្ថិរភាពព្រំដែន

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ តាមរបាយការណ៍របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បង្ហាញថា ក្នុង ឆមាសទី១ ឆ្នាំ២០២៥ មានព័ត៌មានក្លែងក្លាយចំនួនប្រហែល ១,៨០០ករណី ត្រូវបានកត់ត្រា។ ជាពិសេសក្នុង ត្រីមាសទី២ ប៉ុណ្ណោះ ករណីព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹង ប្រធានបទព្រំដែនកម្ពុជាថៃ បានកើនដល់ ជាង ១៨០ករណី ដែលជាចំនួនខ្ពស់មិនធ្លាប់មាន។ក្នុងអំឡុងពេលដែលកម្ពុជាប្រឈមនឹងស្ថានភាពតានតឹងនៃវិបត្តិព្រំដែនជាមួយប្រទេសថៃ ដែលចាប់ផ្តើមពីចុងខែឧសភាឆ្នាំ ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មានបានបញ្ជាក់ថា មានការកើនឡើងយ៉ាងគួរឱ្យសម្គាល់នៃព័ត៌មានក្លែងក្លាយ ដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ។
ក្នុងចំណោមនោះ មាន ជាង ១០ករណី ជាព័ត៌មានក្លែងក្លាយដែលប្រើប្រាស់បច្ចេកវិទ្យា AI ដូចជា ការក្លែងសំឡេងថ្នាក់ដឹកនាំ ការក្លែងអត្តសញ្ញាណនិងរូបភាព ដើម្បីបង្ហាញទ្រឹស្តីសញ្ញាស្មាន និងគោលបំណងបំភ្លៃនយោបាយ ឬកេងចំណេញផ្នែកសេដ្ឋកិច្ច។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ឲ្យដឹងថា ការចែកចាយព័ត៌មានអសីលធម៌ ដោយគ្មានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន មិនត្រឹមតែប៉ះពាល់ដល់សិទ្ធិឯកជន និងកិត្តិយសមនុស្សជាច្រើនទេ ប៉ុន្តែបានធ្វើឲ្យប៉ះពាល់ដល់ ការខិតខំអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិតាមផ្លូវច្បាប់ និងផ្លូវសន្តិភាព។ ព័ត៌មានក្លែងក្លាយមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពមន្រ្តីអនុវត្តច្បាប់ និងកងកម្លាំងពង្រឹងដែនសីមា ដូចជាកងទ័ពនាយទាហាននៅតាមបន្ទាយ។
សារព័ត៌មាន និងអ្នកបង្កើតមាតិកាជាច្រើន ដែលបង្ហោះព័ត៌មានមកពីក្រៅប្រទេស និងខ្លះទៀតនៅក្នុងប្រទេសថៃ ត្រូវបានបង្ហាញថា មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងបានប្រើប្រាស់ព័ត៌មានជាឧបករណ៍បម្រើគោលនយោបាយជ្រុលនិយម។ ទង្វើនេះបានបំផ្លាញតម្លៃសារព័ត៌មានក្នុងតំបន់ និងជាសាកល។
ក្រសួងព័ត៌មានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ មិនថាជាអាជីព ឬមិនមែនអាជីព ឬជាអ្នកប្រើប្រាស់បណ្តាញសង្គម ឲ្យធ្វើការផ្សព្វផ្សាយដោយមាន ទំនួលខុសត្រូវខ្ពស់ វិជ្ជាជីវៈនិងសុចរិតភាព។ ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ កងទ័ព ឬសម្ងាត់យោធា ត្រូវផ្អែកលើប្រភពផ្លូវការតែប៉ុណ្ណោះ ដើម្បីជៀសវាងផលវិបាកនានា។
អ្នកសារព័ត៌មានត្រូវរួមចំណែកសន្តិភាព ដោយមិនប្រើអារម្មណ៍ផ្ទាល់ខ្លួន សម្តីចចាមអារាម ឬបំផ្លើសការពិតក្នុងការរាយការណ៍។ ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានគឺជាគន្លងសំខាន់ក្នុងការផ្ដល់ចំណេះដឹងត្រឹមត្រូវ និងរួមចំណែកធ្វើឱ្យស្ថានភាពវិបត្តិឈានទៅរកដំណោះស្រាយសន្តិភាព និងស្ថិរភាព។