លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន ថ្លែងថា ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ

លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន ថ្លែងថា ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវការឈាមមួយប្លោករៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ,
តម្រូវការឈាមប្រចាំថ្ងៃ ជាមធ្យមសរុប ៣៥០ប្លោក នៅរាជធានីភ្នំពេញ,
តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស,
ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបាន តែ២២.១% នៃតម្រូវការ ក្នុងប្រទេសតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ នេះបើយោងតាមទិន្នន័យរបស់ អង្គការសុខភាព ពិភពលោក។
ការថ្លែងនូវរបាយការណ៍នេះ ធ្វើឡើងក្នុងឱកាស លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន ក្នុងនាម មជ្ឈមណ្ឌលជាតិផ្តល់ឈាម អញ្ជើញចូលរួមក្នុងកម្មវិធីផ្ដល់ឈាម ក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស” រៀបចំឡើងដោយ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតន: នេត្រ ភក្រ្តា ប្រធានកត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ។
លោកស្រីវេជ្ជ.ឯកទេស ហេង សុខចំរើន បានគូសបញ្ជាក់ថា សកម្មភាពការងារមនុស្សធម៌នេះគឺធ្វើឡើងដើម្បី បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជំរុញលើកកម្ពស់ឱ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា។ជាមួយនេះក៏ជាការផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ ក្នុងសង្គម។
លោកស្រី មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ពី អត្ថប្រយោជន៏សម្រាប់សង្គមជាតិ ចំពោះការបរិច្ចាកឈាម ជាការចូលរួមជួយគ្នាក្នុងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដែលចង់ឃើញសង្គមជាតិមួយមាន សុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក៖ “យុវជន យុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ” “ខ្មែរជួយខ្មែរ” “ខ្មែរធ្វើបាន” ដែលជាភាសាបេះដូងមួយសម្រាប់ យុវជនកម្ពុជាយើង។
នៅក្នុងឱកាសនេះដែរ លោកស្រីវេជ្ជ.ឯកទេស សូមសំដែងអំណរគុណ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ចំពោះការគាំទ្រទាំងឡាយ ដើម្បីបុព្វហេតុមនុស្សធម៌ ព្រមទាំងសូមអំពាវនាវឱ្យមានការគាំទ្របន្តទៀតតាមគ្រប់រូបភាពក្នុងយុទ្ធនាការផ្សេងៗ “សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភព តែមួយគត់ គឺពីមនុស្សមិនមានរោងចក្រឱសថណាអាចផលិតបានទេ»
“សូមចងចាំថា អ្នកជំងឺអាចរស់រានបាន ផុតក្តីអន្តរាយដល់ជីវិតដោយសារយើងទាំង អស់គ្នាធ្វើបុណ្យសន្សំកុសល” ៕




