ពលរដ្ឋនៅខណ្ឌកំបូល ទទួលបានសមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែ ជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិដូនរ័ត្ន សង្កាត់ឪឡោក បានទទួលសមិទ្ធផលថ្មីមួយ ដែលជាផ្លូវបេតុង ដែលជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ថែមទាំងជាប្រភព នៃការលើកកម្ពស់សេដ្ឋកិច្ច និងភាពរីកចម្រើនក្នុងតំបន់ផងដែរ តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន។

លោក ម៉ែន រក្សមូលី ចៅសង្កាត់ឪឡោក បានឲ្យដឹងថា សមិទ្ធផលផ្លូវបេតុងខាងលើនេះ បានសាងសង់ឡើងជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌកំបូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ឪឡោក។

លោកបន្តថា ការសាងសង់ផ្លូវនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររវាងភូមិ និងទីផ្សារ ជួយឲ្យមានដំណើរការល្អក្នុងការដឹកជញ្ជូនផលិតផលសេដ្ឋកិច្ច និងកសិកម្ម រួមទាំងលើកស្ទួយគុណភាពជីវភាពប្រជាជន។

លោកចៅសង្កាត់ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា មូលដ្ឋានសង្កាត់ឪឡោក មានចំនួន ១៤ ភូមិ ហើយបច្ចុប្បន្នផ្លូវបេតុងដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ សម្រេចបាន ១២ ភូមិ នៅសល់ ២ ភូមិ និងមានគម្រោងធ្វើជាបន្តបន្ទាប់៕