កិច្ចប្រជុំកំពូល SCO ខិតជិតចូលមក! ក្នុងនាមជាម្ចាស់ផ្ទះគណៈកម្មាការទំនាក់ទំនងល្អ មិត្តភាពនិងកិច្ចសហប្រតិបត្តិការរបស់ចិនបានអញ្ជើញអ្នកសារព័ត៌មាននៃប្រទេសដៃគូទាំងអស់ទស្សនកិច្ចនៅ Liaoning និង Shenyang ក្នុងនោះក៏មានកម្ពុជាដែរ!

អ្នកសារព័ត៌មានសរុបចំនួន២១នាក់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់យល់បន្ថែមក្នុងកម្មវិធីផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន (CIPCC)សម្រាប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO ដោយក្នុងនោះរួមមានប្រទេសជាសមាជិកពេញលេញចំនួន១៣រូប អ្នកព័ត៌មានមកពីប្រទេសជាអ្នកសង្កេតការណ៍ចំនួន២រូប និង ប្រទេសជាដៃគូសន្ទនារបស់SCO ៦រូប ដោយក្នុងនោះប្រទេសក្នុងតំបន់អាស៊ានគឺមាន១រូបមកពីប្រទេសកម្ពុជា (ទូរទស្សន៍ជាតិកម្ពុជា)។ ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Liaoning នេះគឺធ្វើឡើងតាមការអញ្ជើញរបស់ គណៈកម្មាការទំនាក់ទំនងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ (GNFCC) របស់ SCO ផ្ទាល់តែម្តង។
គណៈប្រតិភូរួមមានមកពីតំណាងប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋសមាជិក SCO រដ្ឋជាអ្នកសង្កេតការណ៍ និងដៃគូសន្ទនា។ អ្នកសារព័ត៌មានទាំងអស់នឹងទៅដល់ទីក្រុង Dalian នៅថ្ងៃអង្គារនេះ មុនពេលពួកគេបន្តដំណើរទៅកាន់ទីក្រុង Shenyang នៅថ្ងៃព្រហស្បតិ៍ និងដើម្បីចូលរួមក្នុងវេទិកា SCO ឆ្នាំ ២០២៥ ក្រោមប្រធានបទស្តីពី៖ មិត្តភាពរវាងប្រជាជននិងប្រជាជន និងវេទិកាស្តីពីទីក្រុងមេត្រីភាពផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ GNFCC សមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេស និងរដ្ឋាភិបាលប្រជាជនខេត្ត Liaoning ។ វាត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលប្រជាជនក្រុង Shenyang ដោយមានការគាំទ្រពីការិយាល័យកិច្ចការបរទេសនៃខេត្ត Liaoning និងសមាគមប្រជាជនខេត្ត Liaoning សម្រាប់មិត្តភាពជាមួយអ្នកសារព័ត៌មានបរទេស។ កម្មវិធីនេះប្រារព្ធឡើងនៅឯពិព័រណ៍ពិភពលោកថ្មីនៅទីក្រុង Shenyang ដោយវានឹងត្រូវគេរំពឹងថានឹងប្រមូលផ្តុំទៅដោយអ្នកចូលរួមរាប់រយនាក់មកពីប្រទេសជាសមាជិក ដៃគូទាំងអស់របស់ SCO ក្រោមប្រធានបទ “ការធ្វើឱ្យស៊ីជម្រៅមិត្តភាពរវាងប្រជាជន និងប្រជាជន ការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ មិនតែប៉ុណ្ណោះក៏នឹងមានពិធីបើកការតាំងពិពណ៌ចំនួនបី និងវេទិការងចំនួនបីបន្ថែមដែរ។ ការអញ្ជើញស្ថាប័នសារព័ត៌មានបរទេសគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាថទូលំទូលាយរបស់ GNFCC ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងភាពជាការទូតសាធារណៈ។ វាផ្តល់ឱ្យអ្នកសារព័ត៌មាននូវឱកាសដើម្បីរាយការណ៍អំពីគំនិតផ្តួចផ្តើមនៃការអភិវឌ្ឍន៍របស់ប្រទេសចិនក្នុងវិស័យជាច្រើនដូចជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ភាពច្នៃប្រឌិត និងការធ្វើឱ្យងើបឡើងវិញ ខណៈពេលដែលការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងបន្តគាំទ្រដល់គោលដៅនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និង “ក្តីសង្ឃឹមរបស់ក្រុងសៀងហៃ” ។ សូមរំលឹកថាកាលពីកិច្ចប្រជុំកំពូល Bishkek ឆ្នាំ ២០១៣ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ SCO ប្រធានាធិបតីចិន លោក Xi Jinping បានប្រកាសពីតួនាទីនាំមុខរបស់ប្រទេសចិនក្នុងការបង្កើតគណៈកម្មាការទំនាក់ទំនងល្អ ជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ GNFCC និងបានលើកទឹកចិត្តសមាជិក SCO និងអ្នកសង្កេតការណ៍ផ្សេងទៀតឱ្យបង្កើតស្ថាប័នស្រដៀងគ្នានេះ ដើម្បីលើកកម្ពស់មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា។ គណៈកម្មការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ហើយបច្ចុប្បន្ន SCO មានសមាជិកពេញលេញចំនួន១០គឺ៖ ប្រទេសចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងអ៊ូសបេគីស្ថាន។ ដៃគូសង្កេតការណ៍មានចំនួន២គឺ អាហ្វហ្គានីស្ថាន និងម៉ុងហ្គោលី និងដៃគូសន្ទនាចំនួន ១៤ គឺ អាមេនី អាស៊ែបៃហ្សង់ កម្ពុជា នេប៉ាល់ ស្រីលង្កា តួកគី អេហ្ស៊ីប កាតា អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត មីយ៉ាន់ម៉ា ម៉ាល់ឌីវ និងអារ៉ាប់រួម។ កិច្ចប្រជុំកំពូល SCO ឆ្នាំ ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីក្រុង Tianjin ប្រទេសចិន នារដូវស្លឹកឈើជ្រុះខាងមុខនេះ។ បេសកកម្មរបស់អង្គការនេះរួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមរដ្ឋជាសមាជិករបស់ខ្លួនផងដែរ៕
សម្រួលអត្ថបទ៖ Borinika Sopharin Em