សាលាអន្តរជាតិវីហ្ស៊ិនប្រ៊ីដ រៀបចំពិធីចែកសញ្ញាបត្រដល់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា ឆ្នាំសិក្សា 2024-2025 របស់ខ្លួន

សាលាអន្តរជាតិវីហ្សិនប្រ៊ីដ រៀបចំពិធីចែកសញ្ញាបត្រដល់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា ក្រោមអធិបតីភាពលោកស្រី ឌិត នីដា តំណាងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ពិធីនេះរៀបចំឡើង មានការចូលរួមពីថ្នាក់ដឹកនាំសាលា តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅសាលសន្និបាទ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
លោក ជា គួង នាយកសាលាអន្តរជាតិវីហ្សិនប្រ៊ីដ បានឲ្យដឹងថា សាលាអន្តរជាតិវីហ្សិនប្រ៊ីដមានចក្ខុវិស័យចូលរួមបណ្ដុះបណ្ដាលអប់រំកុមារកម្ពុជាឲ្យក្លាយជាធនធានមនុស្សដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ន និងអនាគត និងត្រៀមខ្លួនជាអ្នកបន្តវេនដ៏មានសក្តានុពលសម្រាប់សង្គមជាតិប្រកបដោយសមត្ថភាពខ្ពស់។ សាលាបានផ្ដោតសំខាន់លើការផ្តល់គុណភាពក្នុងការអប់រំ កម្មវិធីសិក្សា គុណវុឌ្ឍគ្រូបង្រៀន ឧបករណ៍ និងសម្ភារៈបង្រៀន វិធីសាស្ត្របង្រៀន សុវត្ថិភាព សុខមាលភាពសិស្សានុសិស្ស ដើម្បីជាជំនួយដល់សមត្ថភាពរបស់សិស្សានុសិស្ស។ លើសពីនេះ បានកំណត់ពីស្តង់ដាអប់រំ តាមកំរិតស្តង់ដារជាតិ និងអន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី 7 ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ ហើយចាត់ទុកវិស័យនេះ ជាវិស័យអទិភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ក្នុងការអបំរំបណ្ដុះបណ្ដាលកុមារ សាលាបានផ្ដល់ជូននូវការសិក្សាមាន 3 ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងភាសាចិន ហើយបានបន្ថែមនូវកម្មវិធីសិក្សាកុំព្យូទ័រ កីឡាផ្សេងៗ និងរៀបចំផ្ដល់ឱកាសក្នុងការចូលរួមប្រលងប្រកួតប្រជែងសមត្ថភាពនៅថ្នាក់អន្តរជាតិផងដែរ។
លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន និងជាទីប្រឹក្សាជាន់ខ្ពស់សាលាអន្តរជាតិវីហ្សិនប្រ៊ីដ មានប្រសាសន៍ថា មតេយ្យសិក្សា ជាមូលដ្ឋានគ្រឹះដំបូងដែលកុមារមិនអាចខ្វះបានមុននឹងឈានដល់ថ្នាក់បឋមសិក្សា។ ការអប់រំកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍន៍មូលធនមនុស្ស នឹងធ្វើឲ្យកុមារបញ្ចប់ថ្នាក់បឋមសិក្សាបានដោយជោគជ័យ ដោយគ្មានគ្រោះថ្នាក់ ឬបោះបង់ការសិក្សាឡើយ។ នៅវ័យដំបូងរបស់កុមារ ជាពេលវេលាដែលមាតាបិតា ឬអ្នកផ្ដល់សេវា ត្រូវផ្ដល់អាហាររូបត្ថម្ភគ្រប់គ្រាន់ដើម្បីឲ្យកោសិកាកុមារមានការលូតលាស់បានល្អ ជាកត្តាកំណត់ និងអភិវឌ្ឍន៍គំនិតផ្សេងៗ ដូចជា បំណិនសង្គម ភាពក្លាហាន អត់ធ្មត់ វិន័យ ក្រមសីលធម៌ ឥរិយាបថ និងទំនាក់ទំនងកុមារដែលដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាដល់អនាគតរបស់កុមារ ហើយទាំងនេះជាធាតុផ្សំដ៏សំខាន់ចាំបាច់ក្នុងការរៀនសូត្រមួយជីវិតរបស់កុមារ សម្រាប់ផ្លូវកាយ ផ្លូវចិត្ត និងសង្គមមួយមានភាពសុខដុមរមនា ។
លោក ហ៊ាង ឡាឌី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះសាលាអន្តរជាតិវីហ្សិនប្រីដដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដោយផ្ដល់ឲ្យកុមារទទួលនូវបរិយាកាសអប់រំល្អ និងការសិក្សាជាតិ-អន្តរជាតិផងដែរ។ ការអប់រំជាកត្តាចាំបាច់នៅក្នុងការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងការផ្ដល់ចំណេះដឹង ជំនាញ សមត្ថភាព កិត្តិយស សេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ សុជីវធម៌ល្អ ចរិតលក្ខណៈល្អ ដើម្បីជំរុញឲ្យមានការចេះស្រឡាញ់ ការពារ ថែរក្សា អត្តសញ្ញាណវប្បធម៌ជាតិ ចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យបានរុងរឿងតទៅមុខជានិរន្ត៕