ពលករខ្មែរដែលវិលត្រឡប់ជាបន្តបន្ទាប់តាមច្រកព្រំដែនខេត្តបាត់ដំបងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ

បាត់ដំបង៖នៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ។

ជាមួយនឹងការវិលត្រឡប់ជាបន្តបន្ទាប់របស់ពលករខ្មែរនេះបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីអាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។អាជ្ញាធរ និងមន្រ្តីជំនាញបានរៀបចំឱ្យមានជាមណ្ឌលសំចត ផ្ដល់អាហាសម្រន់ និងការប្រឹក្សាយោបល់ផ្សេងៗ។

ជាក់ស្ដែងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានចាត់មន្រ្តីប្រចាំការនៅច្រក និងរៀបចំរថយន្តរបស់រដ្ឋបាលខេត្តសម្រាប់ដឹកបងប្អូនពលករទៅតាមបណ្តាខេត្តផ្សេងៗដើម្បីត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

ឯកឧត្ដម សុខ លូ បានណែនាំបន្ថែមដល់ក្រុមប្រចាំការដើម្បីជួយសម្របសម្រួលដឹកជញ្ជូនបងប្អូនទៅលំនៅដ្ឋានតាមខេត្តនានាផងដែរ។

ជាមួយគ្នានោះមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃដែលមាន បំណងវិលត្រឡប់មកស្រុកកំណើតវិញ។

ពលករខ្មែរដែលចាកចេញពីប្រទេសថៃបានលើកឡើងពីបំណងស្វែងរកឱកាសការងារក្នុងស្រុកខ្មែរ និងគ្មានបំណងទៅធ្វើការនៅថៃទៀតនោះទេ។

ពលករ សង្កត់ធ្ងន់ថា ការធ្វើការងារនៅស្រុកខ្មែរបានរស់នៅជួបជុំក្រុមគ្រួសារ និងមានភាពកក់ក្ដៅជាងទៅធ្វើការនៅស្រុកថៃ៕

ដោយ៖មន្ទីរព័ត៌មានខេត្តបាត់ដំបង