ប្រជាកសិករ ១០០គ្រួសារ ទទួលបានកូនឈើហូបផ្លែពីក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្តមណ្ឌលគិរី សម្រាប់ដាំដុះក្នុងគ្រួសារ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ដួង ហេង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានទីមួយ ក្រុមការងារចុះមូលដ្ឋានខេត្តមណ្ឌលគិរី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងមូលដ្ឋានស្រុកអូររាំង បានអញ្ជើញចុះចែកកូនឈើហូបផ្លែដល់បងប្អូនប្រជាពលរដ្ឋ នៅសាលាឃុំដាក់ដាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម ដួង ហេង រដ្ឋលេខាធិការក្រសួងការពារជាតិ និងឯកឧត្តម អ៊ួង កុសល បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តសកម្មភាពដាំដុះដំណាំនានាជុំវិញផ្ទះ ឬបង្កើនផ្ទៃដីដាំដើមឈើប្រភេទហូបផ្លែ ដែលសមសម្របតាមសណ្ឋានដីភូមិសាស្រ្តរបស់ខ្លួន។ ដ្បិតទឹកដីឃុំដាក់ដាំ ស្រុកអូររាំងនេះ គឺអំណោយផលល្អខ្លាំងណាស់ លើប្រភេទដំណាំមួយចំនួនដែលខេត្តដទៃមិនអាចដាំបាន ជាពិសេសគឺ ផ្លែប័រ ក្រូចវល្លិ៍ និងកាហ្វេ ដែលជាតម្រូវការយ៉ាងចាំបាច់ក្នុងទីផ្សារជាពេលបច្ចុប្បន្ន ។ ឯកឧត្តម បានបន្តថា សម្រាប់រាជធានីភ្នំពេញបច្ចុប្បន្ន តម្រូវការបរិភោគ ផ្លែប័រ ដើម្បីជំនួយសុខភាព កំពុងមានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់មហាជន ដែលនេះគឺជា ឱកាសល្អសម្រាប់បងប្អូនយើង ត្រូវចាប់យកប្រភេទដំណាំទាំងនេះ ដាំដុះបំពេញតម្រូវការទីផ្សារ។ ចំណែកពូជប័រ និងសាវម៉ាវ ដែលចែកជូនដល់បងប្អូននាពេលនេះ គឺជាការបំផុសនូវចលនាដាំដុះដំណាំ ដែលមានសក្តានុពលក្នុងតំបន់ និងមានតម្លៃថ្លៃក្នុងទីផ្សារ។ ម្យ៉ាងទៀត ក៏សូមបងប្អូនប្រជាកសិករ យកកូនឈើទាំងនេះទៅដាំ ត្រូវថែទាំឲ្យកើតចេញជាផ្កាផ្លែ ទោះមិនបានលក់ដូរ ក៏អាចផ្គត់ផ្គង់ដល់សមាជិកគ្រួសាររបស់ខ្លួន ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោក អភិបាលស្រុក បានសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទទួលកូនពូជឈើហូបផ្លែនាពេលនេះ សូមឲ្យយកចិត្តទុកដាក់ដាំដុះថែរក្សាឲ្យបានល្អ ហើយរដូវនេះមានភ្លៀងធ្លាក់ច្រើន ក៏សូមបងប្អូនទាំងអស់គ្នា បង្កើនការថែរក្សាសុខភាព ឲ្យបានល្អគ្រប់ក្រុមគ្រួសារ ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចែកពូជដំណាំប័រ សាវម៉ាវ ចំនួន៤០០ដើម ដើម្បីចែកជូនដល់កសិករ ចំនួន ១០០ គ្រួសារ សម្រាប់យកទៅដាំដុះបន្ថែម តាមលំនៅដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកនូវប្រាក់ចំណូល ក្នុងគ្រួសារនីមួយៗ នាពេលខាងមុខ៕ ស៉ីផុន ហ៊ុងគ្រី