អភិបាលខេត្តព្រះវិហារ កោតសរសើរចំពោះស្មារតីការពារជាតិរបស់ប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរយ៉ាងស្មោះស្តាយចំពោះពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែន ក្នុងការសហការជាប់ជាមួយអាជ្ញាធរ ដើម្បីរួមគ្នាការពារដែនដីជាតិ។

ឯកឧត្តមបានលើកឡើងថា ពលរដ្ឋតាមព្រំដែនបានបង្ហាញស្មារតីប្រុងប្រយ័ត្នខ្ពស់ និងស្ម័គ្រចិត្តក្នុងការចូលរួមធ្វើត្រង់សេការពារ ដោយការរួមគ្នាពង្រឹងសន្តិសុខក្នុងសហគមន៍ និងការបង្កើតភាពរួបរួមជាតិយ៉ាងគង់វង្ស។

ឯកឧត្តម គីម រិទ្ធី ថ្លែងថា៖ “ខឿនការពារជាតិប្រជាជន គឺកើតចេញពីស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋ ដែលឈរជើងយ៉ាងមុតមាំលើទីតាំងរបស់ខ្លួន ហើយខិតខំផលិតស្បៀង ដូចជា ស្រូវ សាច់ និងបន្លែជាដើម ដើម្បីផ្គត់ផ្គង់ជូនកងទ័ពដែលកំពុងឈរជើងនៅជួរមុខ”។

អភិបាលខេត្តបានបន្ថែមថា ការរួមចំណែករបស់ប្រជាពលរដ្ឋ គឺជាគន្លងដ៏សំខាន់ក្នុងការធានាសន្តិសុខនៃព្រំដែន និងជាជំហរដ៏ច្បាស់លាស់នៃភាពស្រឡាញ់ជាតិ និងអភិរក្សទឹកដីរបស់ខ្លួនឯង។