រដ្ឋមន្ត្រីសុខាភិបាល÷  យើងទាំងអស់គ្នាយកចិត្តទុកដាក់ថែទាំ និងលើកកម្ពស់សុខភាពខ្លួនឯង ចំណែកគ្រូពេទ្យយកចិត្តទុកដាក់លើការព្យាបាលជំងឺ ប្រៀបបានកងទ័ពការពារទឹកដី យើងគ្រូពេទ្យការពារជំងឺ

រាជធានីភ្នំពេញ៖នៅទីស្តីការក្រសួងសុខាភិបាលនារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល អំពីប្រសិទ្ធភាពក្នុងការអនុវត្តការងារ ដោយត្រូវធ្វើការសហការ ប្រជុំឱ្យបានជាប្រចាំ ដើម្បីជាពន្លឺក្នុងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ស្វែងរកការងារអាទិភាពចំពោះមុខ។ មន្រ្តីសុខាភិបាល ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវ ស្វាហាប់ ពុះពារប្រៀបដូចការដំាដំណាំដែលទទួលបានផ្លែផ្អែម និងឆ្ងាញ់។ បន្ថែមពីនេះ ឯកឧត្តមសាស្ដ្រាចារ្យ  ណែនាំត្រូវខិតខំប្រឹងប្រែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្តសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។ នៅតាមមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការបម្រើសេវាសុខាភិបាល តាមបណ្តាព្រំដែនកម្ពុជា-ថៃ ដោយរៀបចំផែនការឱ្យបានគ្រប់ជំហាន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវធ្វើការរួមគ្នា សហការគ្នា ទោះក្នុងក្របខណ្ឌធ្វើវិមជ្ឈការថ្នាក់ក្រោមជាតិហើយក៏ដោយ ត្រូវតែអនុវត្តឱ្យបានល្អ និងប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ចំពោះបញ្ហាសុខភាពសាធារណៈ ត្រូវបន្តយកចិត្តទុកខ្ពស់ ជាពិសេសជំងឺឆ្លង ដោយពង្រឹងការងារចត្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺផ្សេងៗ ចូលមកប្រទេសកម្ពុជា ស្របតាមសភាពការណ៍វិវត្តន៍របស់សកលលោក។

ក្នុងអំឡុងពេលនៃរដូវស្សានេះ ត្រូវបង្កើនការយកចិត្តទុកបន្ថែមទៀត អំពីបញ្ហាជំងឺគ្រុនឈាម ដោយត្រូវតាមដាន និងមានវិធានការផ្សព្វផ្សាយអប់រំដល់ប្រជាជន ពីការការពារខ្លួនពីជំងឺនេះ៕