ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំ នីតិវិធីប្រតិបត្តិ ស្ដីពី ការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ

ដើម្បីជំរុញនិងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងបុព្វហេតុផ្តល់កិច្ចគាំពារសង្គមដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា សហការជាមួយ អង្គការទំនុកចិត្តកុមារកម្ពុជា បានរៀបចំបង្កើតសៀវភៅណែនាំ នីតិវិធីប្រតិបត្តិ ស្ដីពី ការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ ដោយមានការចូលរួមផ្តល់ធាតុចូល និងពិនិត្យកែសម្រួលពី ក្រសួង-ស្ថាប័ន មន្ទីរពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាអ្នកអនុវត្តផ្ទាល់ និងអ្នកពាក់ព័ន្ធនានា តាមរយៈកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាជាច្រើនលើក។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងពិធីប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំនីតិវិធី ស្ដីពី ការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ។
លោកជំទាវ ឲ្យដឹងទៀតថា គោលបំណង នៃការបង្កើតសៀរភៅនេះឡើង ក្នុងន័យពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីបំពេញតម្រូវការមូលដ្ឋាន សម្រាប់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ពិសេសការថែរក្សាដល់កុមារនៅក្នុងគ្រួសារ និងគាំទ្រដល់សមាជិកគ្រួសារដែលមានពិការភាព ចាស់ជរា មានជំងឺ ទប់ស្កាត់ចំណាកស្រុក អំពើហិង្សាក្នុងគ្រួសារ និងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការឧបត្ថម្ភ និងជំនួយសង្គមដែលផ្តល់ដោយរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងឯកជន និងកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ សហគមន៍ និងសង្គម។
លោកជំទាវ ក៏បានក្រើនរំលឹក ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិទាំងអស់ ត្រូវរួមគ្នាបន្តពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិ ស្ដីពី ការពង្រឹងភាពធន់ សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ ដើម្បីឧត្តមប្រយោជន៍ជីវភាពរស់នៅរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះកាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍។ ម្យ៉ាងវិញ សូមបន្តការផ្សព្វផ្សាយ ពីនីតិវិធីប្រតិបត្តិស្ដីពី ការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ ទៅដល់សហគមន៍ឱ្យបានទូលំទូលាយ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអង្គការដៃគូ ដែលកំពុងប្រតិបត្តិការផ្តល់កិច្ចគាំពារសង្គមទៅដល់គ្រួសារនៅក្នុងសហគមន៍ ឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ និងចូលរួមអនុវត្តបន្តទៅទៀត ។
បើតាមរបាយការណ៍របស់ ឯកឧត្តម អ៊ុ សុផាន់ណារ៉ា អគ្គនាយក សេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានឲ្យដឹងដែរថា សៀវភៅណែនាំនីតិវិធីប្រតិបត្តិ ស្ដីពី ការពង្រឹងភាពធន់ សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះនេះ គឺបានរៀបចំសេចក្ដីព្រាងឡើង តាំងពីមុនឆ្នាំ២០២៣មក ហើយរហូតមកដល់ពេលនេះ ទើបសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំ ចង្អុលបង្ហាញពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំ ទទួលបន្ទុកផងដែរ។
ការបង្កើតសៀវភៅណែនាំនីតិវិធីប្រតិបត្តិនេះឡើង ដើម្បីរួមចំណែកដោះស្រាយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅជាច្រើនមានដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ជាពិសេសលើគោលដៅពាក់ព័ន្ធ នឹងការអភិវឌ្ឍធនធានមនុស្ស មានគោលដៅជាអាទិ៍ការបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង ដោយកាត់បន្ថយយ៉ាងតិចពាក់កណ្តាល នូវសមាមាត្រនៃប្រជាជនកម្ពុជារស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ ១១.៥% នៅឆ្នាំ២០៣០ និង សមាមាត្រនៃជនក្រីក្រ និងងាយរងគ្រោះដែលទទួលបានសេវាជំនួយសង្គម ២៥% នៅឆ្នាំ២០៣០ និងបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភ មានភាពប្រសើរឡើង និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព ដោយកំណត់ប្រេវ៉ាឡង់ខ្វះ អាហារូបត្ថម្ភ ប្រជាជន ១០.២៤% នៅឆ្នាំ២០៣០។