ប្រទេសកូរ៉េខាងជើងបើកដំណើរការរមណីយដ្ឋានឆ្នេរថ្មីប៉ុន្តែមិនមានភ្ញៀវទេសចរច្រើនទៅទស្សនានោះទេ ជាពិសេសភ្ញៀវទេសចរបរទេស

កូរ៉េខាងជើងបានបើកដំណើរការជាផ្លូវការនៃរមណីយដ្ឋានឆ្នេរសមុទ្រដ៏ធំថ្មីមួយ ប៉ុន្តែមិនមានភ្ញៀវទេសចរច្រើនចូលទៅទស្សនានោះទេ។ វត្តមានមេដឹកនាំ Kim Jung Un បានអញ្ជើញកាត់ខ្សែបូដើម្បីបើកដំណើរការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រដ៏ធំភាគខាងកើតនៃប្រទេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ នេះបើយោងតាមរូបភាពពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ រូបភាពពី KCNA បង្ហាញថាលោក Kim Jong Un និងកូនស្រីរបស់លោក Kim Ju Ae ក៏ដូចជាភរិយារបស់លោកគឺលោកស្រី Ri Sol Ju បានបង្ហាញខ្លួននៅក្នុងពិធីបើកនោះ។ មកដល់ពេលនេះគឺវាមានរយៈពេលយូរមកហើយចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានបង្ហាញភរិយារបស់លោក Kim គឺលោកស្រី Ri Sol Ju។ តំបន់រមណីយដ្ឋានឆ្នេរដ៏ធំគឺនេះគឺស្ថិតនៅជិតទីក្រុងកំពង់ផែ Wonsan ដែលធ្លាប់ជាតំបន់រីកចម្រើនដោយសារការតភ្ជាប់ជាមួយប្រទេសជប៉ុនដែរ។ ពីមុនមានទូកទេសចរណ៍ដឹកអ្នកដំណើរឆ្លងកាត់តំបន់ឆ្នេរនេះរវាងប្រទេសជប៉ុន និងកូរ៉េខាងជើងព្រមទាំងមានទំនិញជាច្រើនទៀតដូចជារថយន្តជជុះ និងផលិតផលកង់ជាដើម។ ប៉ុន្តែក្រោយមកវាបានបិទបញ្ចប់នៅឆ្នាំ ២០០៦ នៅពេលដែលប្រទេសជប៉ុនបានបញ្ឈប់សេវាកម្មនោះ ហើយបន្ទាប់ពីការបាញ់សាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់កូរ៉េខាងជើងដែរ។ ទីតាំងរមណីយដ្ឋាននេះមានឈ្មោះថា Kalma ស្ថិតក្នុងការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺតាំងពីឆ្នាំ២០១៨ មុននឹងស្ថានភាព Covid មកដល់ម្ល៉េះ។ កូរ៉េខាងជើងមិនមានការរៀបចំកញ្ចប់ធ្វើដំណើរធម្មតាសម្រាប់ជនបរទេសចូលមកលេងប្រទេសរបស់ខ្លួននោះទេ។ របាយការណ៍របស់ KCNA បាននិយាយថាភ្ញៀវទេសចរក្នុងស្រុកនឹងត្រូវបានគេអនុញ្ញាតឱ្យចូលទស្សនារមណីយដ្ឋានថ្មីនេះចាប់ពីដើមខែកក្កដាតទៅ៕
សម្រួលអត្ថបទ៖ សុផារិន្ទ