ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) សាទរលើភាពជោគជ័យលើការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅភាគខាងជើងកម្ពុជា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន រួមជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រួមទាំងដៃគូពាក់ព័ន្ធ បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការផ្សារភ្ជាប់រវាងការរៀបចំគោលនយោបាយ និងការអនុវត្តជាក់ស្តែងក្នុងការបញ្ជ្រាបការគ្រប់គ្រងតំបន់ទេសភាពសម្រាប់ការអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំលើកទី៦របស់គណៈកម្មការគ្រប់គ្រងគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)” ដែលបានរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន បានថ្លែងអំណគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានគាំទ្រលើការអនុវត្តគម្រោង។
ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង INRM និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា បានសំដែងនូវការសាទរចំពោះវឌ្ឍនភាពការងាររបស់គម្រោងINRM រយៈពេល៥ឆ្នាំ និងបានវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលគម្រោងសម្រេចបានស្របតាមគោលដៅរំពឹងទុកក្នុងការលើកកម្ពស់ការបញ្ជ្រាបការគ្រប់គ្រងតំបន់ទេសភាពសម្រាប់ការអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា នៅតំបន់ការពារធម្មជាតិគោលដៅចំនួន៣ រួមមានឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” តំបន់ការពារទេសភាពអង្គរ និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងនៅតាមទីជម្រាលស្ទឹងសៀមរាប ស្ទឹងស្ទោង និងស្ទឹងសែន ដែលស្ថិតក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប។
គម្រោងនេះបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមរៀបចំគោលនយោបាយពាក់ព័ន្ធក្នុងវិស័យបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ជាពិសេសគឺជំរុញការផ្សព្វផ្សាយ និងអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននៅថ្នាក់ក្រោមជាតិ៕