ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ «កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ «កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»
(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការពារសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។ ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន ខេត្ត រាជធានី និងសប្បុរសជននានាជាច្រើន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រួមទាំងសប្បុរសជនទាំអស់ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរចំពោះ បងប្អូនកងទ័ពកម្ពុជានៅជួរមុខទាំងអស់ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារទឹកដី ប្រឆាំងជាមួយទ័ពឈ្លានពាន ហើយផ្តល់នូវសេចក្តីសុខឱ្យពលរដ្ឋខ្មែរទាំងអស់គ្នានៅជួរខាងក្រោយ។បើសិនជាគ្មានការលះបង់របស់កងទ័ពជួរមុខនោះទេ យើងខ្ញុំទាំងអស់គ្នានៅជួរក្រោយមិនអាចអង្គុយធ្វើការងារ ប្រកបរបររកសុី និងរៀនសូត្របាននោះទេ បើសិនជាគ្មានកងទ័ព ដ៏អង់អាចក្លាហានរបស់យើងនៅឈរកាន់អាវុធការពារទឹកដីបានរឹងមាំនោះទេ។ សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាឱងអស់ដែលឈរការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន ប្រឆាំងជាមួយកងទ័ពឈ្លានពានទឹកដីកម្ពុជា។ ខ្មែររួបរួម ខ្មែរខ្លាំង! ខ្មែរតែមួយ! យើងទាំងអស់គ្នានៅជាមួយបងប្អូនកងទ័ពជួរមុខគ្រប់កាលៈទេសៈ។
តាមរយៈនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមគោរពជូនពរ និង បួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ។ យើងទាំងអស់គ្នាមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ជឿជាក់លើសម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយបានដោយជោគជ័យ ហើយកម្ពុជាត្រៀមកំដរគ្រប់សេណារីយ៉ូទាំងអស់ដែលថៃលេង មិនថាសមរភូមិការទូត សមរភូមិច្បាប់ សមរភូមិយោធា និងសមរភូមិព័ត៌មាន។
ក្នុងការចុះសាកសួរសុខទុក្ខនេះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើប្រគល់ជូននូវអំណោយដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ថវិកា ៥០លានរៀល, ទឹកត្រី ៣០យួរ, ទឹកសុីអុីវ ៣០យួរ, ផ្លែល្មើក្រៀម ២៦ កេស, បាកាស ១០០កេស, មីជាតិ ២០០កេស, អង្ករ ២តោន, ត្រីប្រហើម ៥០គីឡូក្រាម, សាច់ក្រក ៥០គីឡូក្រាម,ថ្នាំសម្រាប់ព្យាបាល និងបង្ការកង្វះវីតាមីន B និង ការឈឺសាច់ដុំ ៥៥៩ ប្រអប់ , ថ្នាំឈឺបំពង់ ក និង ពងបែកមាត់ ១៣៥ប្រអប់, ថ្នាំក្អកស្ងួត និងរមាស់បំពង់ ក ៨៤១ ប្រអប់, មេរោគក្នុងពោះវៀន ៤២០ប្រអប់,ថ្នាំបំបាត់ការឈឺចាប់ ៣៦៧ប្រអប់, ថ្នាំបំបាត់គ្រុនផ្តាសាយ តឹងច្រមុះ ហៀរសំបោរ ឈឺក្បាល និងគ្រុនក្តៅ ៣៦៧ ្របអប់, វីតាមីនជំនួយកំលាំង និងប្រព័ន្ធសាំ ៦០០ប្រអប់, ជាអំណោយរបស់ក្រុមហ៊ុន ឱសថ PPM, ។ ជាមួយនេះក្រុមហ៊ុន ឱសថ UNITED PHARMA ផ្តល់ជូនថ្នាំ ផ្តាសាយ ក្តៅខ្លួន តឹងច្រមុះ ហៀរសំបោរ ចំនួន ១ពាន់ប្រអប់, ថ្នាំបំបាត់ការឈឺចាប់គ្រប់ប្រភេទ ៥០០ប្រអប់, សំឡីអនាម័យ pH Care ៥០០ដុំ, ក្រដាស់សើមអនាម័យស្រ្តី pH Care ៤០០កញ្ចប់ ៕