បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកានិងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់

ខេត្តតាកែវ ៖ យោងតាម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងឧស្សាហកម្មនិងដឹកជញ្ជូនបានបង្ហាញថា បញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវ
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ និងឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារបច្ចេកទេសក្នុងការបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់ភូមិសាស្ត្រខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក ក្រុមការងារជំនួយការសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងតំណាងអាជ្ញាធរខេត្តតាកែវដែលពាក់ព័ន្ធ។
សូមគោរពបញ្ជាក់ជូនថា ការងារចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានជោគជ័យទាំងស្រុង។ បន្ទាប់ពីនេះ ក្រុមការងារបច្ចេកទេសនឹងយកទិន្នន័យទទួលបានដើម្បីរៀបចំផែនទីលម្អិតសម្រាប់ព្រែកជីកហ្វូណនតេជោ។
ក្រុមការងារនឹងរៀបចំផែនការសកម្មភាពសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបជាបន្ត៕