ព្រះវិហារជាប់ព្រំដែនថៃ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងប្រទាក់ក្រឡាតភ្ជាប់ពីប្រជុំជនទៅតំបន់ជនបទ

ខេត្តព្រះវិហារ ៖ ខេត្តព្រះវិហារ ជាខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ និងឡាវ ទទួលបានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងប្រទាក់ក្រឡាតភ្ជាប់ពីប្រជុំជនទៅតំបន់ជនបទ ដែលសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងនាំលំហូរចរាចរណ៍មកពីគ្រប់ទិសទី។ ផ្លូវជាតិលេខ ៦ និងលេខ ៦២ ជាខ្សែផ្លូវជាតិដ៏សំខាន់ តភ្ជាប់ការធ្វើដំណើរទៅទីរួមខេត្តព្រះវិហារលើប្រវែងចម្ងាយផ្លូវជាង ៣០០ គីឡូម៉ែត្រ ក្នុងនោះកាត់តាមផ្លូវជាតិលេខ ៦ មានប្រវែង ១៧១ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ៦២ មានប្រវែង ១២៩ គីឡូម៉ែត្រ។
ផ្លូវជាតិទាំង២នេះ ជាផ្លូវជាតិដ៏សំខាន់សម្រាប់តភ្ជាប់ចរាចរណ៍មកខេត្តព្រះវិហារ ខេត្តក៏មានបណ្តាញផ្លូវជាតិធំៗ និងផ្លូវខេត្តជាច្រើនខ្សែទៀតសាងសង់តភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ក្នុងនោះមានផ្លូវជាតិលេខ ៩ ជាប្រភេទផ្លូវកៅស៊ូមានប្រវែង ៦៩,៨២ គីឡូម៉ែត្រ ផ្លូវជាតិលេខ ៦២ ប្រវែង ២០១,៥៥ គីឡូម៉ែត្រជាប្រភេទផ្លូវកៅស៊ូ ផ្លូវជាតិលេខ ៦៤ ប្រវែង ៥២.១៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ ផ្លូវជាតិលេខ ៩២ ប្រវែង ១០២ គីឡូម៉ែត្រ ក្រាលកៅស៊ូ និងមួយកំណាត់ជាក្រួសក្រហម ផ្លូវជាតិលេខ ៩៤ ប្រវែង ៦១ គីឡូម៉ែត្រ ក្រាលកៅស៊ូ និងមួយកំណាត់ជាក្រួសក្រហម និងផ្លូវជាតិលេខ ៩៥ ប្រវែង ៧៩,៥០ ក្រាលកៅស៊ូ និងមួយកំណាត់ជាក្រួសក្រហម។
ក្រោមក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) ផ្លូវក្រាលកៅស៊ូមួយខ្សែមានប្រវែង ៣៧,៦ គីឡូម៉ែត្រ ក៏កំពុងសាងសង់ចាប់ពីផ្លូវជាតិលេខ ៦៤ ត្រង់ចំណុចខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី។
ផ្លូវនេះសាងសង់ឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែងមួយ រអាង និងឃុំស្ដៅ ហើយគ្រោងនឹងបញ្ចប់ការសាងសង់អំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ដោយឡែក ក្រោមគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ផ្លូវក្រាលកៅស៊ូចំនួន ៣ ខ្សែទៀត ក៏កំពុងស្ថាបនានៅក្នុងខេត្តព្រះវិហារ ដែលវឌ្ឍនភាពមកដល់ពេលនេះសម្រេចបានប្រមាណ ៩៥%។
ខ្សែទី១៖ (អូរតាលោក-ដូង) មានប្រវែង ១៣,៩៨គ.ម. ទទឹង ៨ ម៉ែត្រ ក្នុងនោះក្រាលផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៣,៦៤ គ.ម និងក្រាលបេតុង ០,៣៤ គ.ម តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅកាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង។
ខ្សែទី២៖ (តាំងត្រក-ថ្កែង) ប្រវែង ៥,០២ គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និងក្រាលបេតុង ០,៥គ.ម តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង។
ខ្សែទី៣៖ (ថ្នល់កែង-ស្រែធំ) ប្រវែង ៣,៧៦គ.ម.. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង។
ផ្លូវទាំង៣ខ្សែនេះ បាននឹងកំពុងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយផ្ទាល់សរុបចំនួន ៦ ៩៦៣ គ្រួសារ និងមានអ្នកទទួលផលប្រយោលចំនួន ២៥ ៧៧១គ្រួសារ៕