ប្រធាន NOCC អំពាវនាវ បន្តអនុវត្ត និងផ្សព្វផ្សាយយុទ្ធនាការ “យុវជនម្នាក់ ចេះកីឡា មួយប្រភេទ យ៉ាងតិច ប្រចាំជីវិត”

ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានអំពាវនាវ ដល់យុវជន សិស្សានុសិស្ស និងអត្តពលិកទាំងអស់ ចូលរួមអនុវត្ត និងផ្សព្វផ្សាយ យុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡា មួយប្រភេទ យ៉ាងតិចប្រចាំជីវិត” ជាមួយ នឹងការបំផុសចលនា “ហាត់ប្រាណ និងលេងកីឡា អស់មួយជីវិត” ការអំពាវរបស់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានធ្វើឡើង នៅក្នុងពិធីបើកកម្ម វិធីអបអរសាទរ ខួបលើកទី១៣១ ទិវាអូឡាំពិក កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ នាទីលានបាល់ទាត់ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ។

ឯកឧត្ដម បណ្ឌិតទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចលនាទាំងនេះ ជាការជំរុញដើម្បីទទួលបាន សុខភាពល្អទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយ គុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌ ចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន្ន និងភាពធន ក៏ដូចជាបង្កើតមូលដ្ឋានអត្តពលិក យុវជន-ថ្នាលប្រកបដោយគុណវុឌ្ឍ ដើម្បីឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម ថោង ខុន សង្កត់ធ្ងន់ដែរថា ទិវាអូឡាំពិក ឆ្នំា២០២៥ នេះ រៀបចំឡើងក្រោមមូលបទ “ធ្វើចលនាទាំងអស់គ្នា – Let’s Move” ជាមួយយុទ្ធនាការជាតិ “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត”។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” បានយក ឱកាសនៃវេទិកាប្រារព្វពិធីអបអរសាទរខួបលើកទី១៣១ នៃទិវាអូឡាំពិក ឆ្នំា២០២៥ នៅទូទាំងពិភពលោកនេះ ដើម្បីគាំទ្រដល់បេសកកម្មរបស់អង្គការ WHO ក្នុងការបំផុសស្មារតី “ហាត់ប្រាណ ឬលេងកីឡាយ៉ាងតិច ១ម៉ោង ក្នុង ១ថ្ងៃ” សម្រាប់កុមារ និងយុវជន និង “៤៥នាទី ក្នុង ១ថ្ងៃ” សម្រាប់មនុស្សពេញវ័យ នៅទូទាំងពិភពលោក ឱ្យមានទម្លាប់ហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខុមាលភាព។

យោងតាមការឲ្យដឹងពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេស ជាសមាជិកនៃ គណៈកម្មាធិការ អូឡាំពិកអន្ដរជាតិ (IOC) តែងប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំឭក គុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំ ជារៀងរាល់ឆ្នាំដែរ។ ការប្រារព្ធទិវាអូឡាំពិក នៅថ្ងៃទី ២២ ខែមិថុនា នេះក៏ជា ការអបអរខួប អូឡាំពិក នៅថ្ងៃទី ២៣ ខែមិថុនា ផងដែរ។

ឯកឧត្តម អគ្គលេខាធិការ បានបន្តទៀតថា ការប្រារព្ធទិវាអូឡាំពិក នៅកម្ពុជាឆ្នាំនេះ មានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ១០០នាក់ ទៀតសរុប ៥០០នាក់។ ក្រៅពីបានស្ដាប់ការចែករំលែកបទពិសោធ ពីរៀមច្បងអត្តពលិក អូឡាំពិកកម្ពុជា និងប្រវត្តិនៃចលនាអូឡាំពិក សិស្សានុសិស្សបានចូលរួមលេងកីឡាកម្សាន្ដសប្បាយ (Fun Run) និងប្រភេទកីឡាអូឡាំពិកផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ក៏ដូចជាបានទស្សនាសារមន្ទីរអូឡាំពិកទៀតផង៕