ស្មុំកូនដែលអនុវត្តបានត្រឹមត្រូវតាមនិតិវិធី ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសគ្រប់គ្រាន់ ជួយឲ្យកុមារឈានទៅរកអនាគតប្រសើរ

ស្មុំកូនដែលអនុវត្តបានត្រឹមត្រូវតាមនិតិវិធី ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសគ្រប់គ្រាន់ ជួយឲ្យកុមារឈានទៅរកអនាគតរុងរឿង មានគ្រួសារអចិន្ត្រៃយ៍មួយច្បាស់លាស់ និងសុខដុមរមនាដូចគ្រួសារដទៃទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងសិកា្ខសិលាពិគ្រោះយោបល់ស្ដីពីការពង្រឹងការអនុវត្តនីតិវិធីស្មុំកូននៅកម្ពុជា ដែលរៀបចំឡើងដោយមានការសហការជាមួយក្រសួងយុត្តិធម៌ និងមានការចូលរួមឧបត្ថម្ភពីចៅក្រមនៃសាលាដំបូងរាជធានីខេត្ត អង្គការដៃគូអភិវឌ្ឍន៍ជាច្រើនទៀត នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តម មានប្រសាសន៍បន្តថា ដើម្បីលើកកម្ពស់ផែនការអចិន្ត្រៃយ៍សម្រាប់កុមារតាមរយៈស្មុំកូន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមាននាយកដ្ឋានកិច្ចការពារកុមារជាសេនាធិការ បានសហការជាមួយអង្គការដៃគូ ដូចជា អង្គការ Holt International អង្គការ CIFA អង្គការ CIAI និងអង្គការដៃគូពាក់ព័ន្ធផ្សេងទៀត ដាក់ចេញ និងអនុវត្តនូវសកម្មភាពរបស់ខ្លួន ជាពិសេសសហការជាមួយក្រសួងយុត្តិធម៌ បណ្តុះបណ្តាលដល់មន្ត្រីតុលាការនៅរាជធានីភ្នំពេញ ដូចជា ចៅក្រម ក្រឡាបញ្ជី មេធាវីផងដែរ ។ លើសពីនេះ គឺដើម្បីពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីសង្គមកិច្ច បុគ្គលិកសង្គមនៅថ្នាក់ជាតិ មន្ទីរ ស.អ.យ រាជធានី ខេត្ត និងមន្ត្រីទទួលបន្ទុកកិច្ចការពារកុមារនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងខេត្តគោលដៅមួយចំនួន ដើម្បីឱ្យពួកគេមានសមត្ថភាពក្នុងការអនុវត្តនីតិវិធីស្មុំកូនស្របតាមច្បាប់ ជាពិសេសក្រមរដ្ឋប្បវេណី និងនីតិវិធីអនុវត្តផ្នែករដ្ឋបាល ដែលអនុវត្តដោយមន្ត្រីសង្គមកិច្ច ដូចបានកំណត់នៅក្នុងនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ និងសៀវភៅណែនាំស្តីពីការអនុវត្តស្មុំកូនក្នុងប្រទេស។ នាយកដ្ឋានកិច្ចការពារកុមារ សហការជាមួយអង្គការយូនីសេហ្វ សិក្សាវាយតម្លៃអំពីសមត្ថភាព និងដំណើរការនៃការអនុវត្តស្មុំកូនក្នុងប្រទេស និងអន្តរប្រទេសនៅកម្ពុជា។ ការសិក្សាវាយតម្លៃនេះ ត្រូវបានធ្វើឡើងឆ្លើយតបទៅនឹងបរិបទដែលកម្ពុជា ជាពិសេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ ការកែសម្រួលឡើងវិញនូវគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ការបើកឱ្យដំណើការស្មុំកូនអន្តរប្រទេសឡើងវិញ ខណៈពេលស្មុំកូនក្នុងប្រទេសមានវឌ្ឍនភាពថ្មីៗគួរឱ្យកត់សម្គាល់។

លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាស្តីពីគ្រោះយោបល់ស្ដីពីការពង្រឹងការអនុវត្តនិតិវិធីស្មុំកូននៅកម្ពុជា ដែលបានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងទាំងផ្នែកក្របខណ្ឌច្បាប់ នីតិវិធី និងការអនុវត្តជាក់ស្ដែង ។ លើសពីនេះ ការចែករំលែកបទពិសោធន៍ ការពិភាក្សា និងកាលពីគ្រោះយោបល់អំពីបញ្ហាប្រឈម និងការសន្និដ្ឋានផ្ដល់សំណើរដំណោះស្រាយ ទាំងក្នុងដំណើរការនៃនីតិវិធីរដ្ឋបាល និងនីតិវិធីតុលាការ និងចូលរួមចំណែកជាសារវន្តក្នុងការធ្វើឱ្យប្រសើរឡើងនៅដំណើរការស្មុំកូននៅកម្ពុជាដែលរួមទាំងស្មុំកូនក្នុងប្រទេស និងអន្តរប្រទេស។ សេចក្តីសម្រេចអំពីស្មុំកូន មិនមែនត្រឹមតែជាការផ្លាស់ប្ដូរអ្នកមានអំណាចមេបា ឬជាការបង្កើតចំណងគ្រួសារថ្មីត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះទេប៉ុន្តែនេះជាសេចក្តីសម្រេចមួយដែលកំណត់ជួបវាសនាទាំងមូលរបស់កុមារ។