វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ការបោះជំហាន ដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានថ្លែងថា ការបង្កើតជាផ្លូវការ នៃវិទ្យាស្ថានបណ្តុះបណ្តាល គុនខ្មែរ គឺជាការបោះជំហាន ដ៏ធំមួយរបស់គុនខ្មែរ ក្នុងការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ទៅកាន់អន្តរជាតិ ដោយតាមរយៈការបណ្តុះបណ្តាល ធនធានមូលដ្ឋានគ្រឹះ នេះនឹងជំរុញឱ្យគ្រូបង្វឹក មន្ត្រីបច្ចេកទេសគុនខ្មែរ ក្លាយជាជនបង្គោល សម្រាប់ការផ្សព្វផ្សាយគុនខ្មែរ លើឆាកអន្តរជាតិ ហើយបើគ្មានការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ ក៏មិនអាចធ្វើឱ្យគុនខ្មែរ ចាក់ឫសចាក់គល់នៅលើឆាកអន្តរជាតិដែរ
នេះជាការលើកឡើងរបស់ ឯកឧត្តម ខូវ ឆាយ នៅក្នុងពិធី ប្រកាសជាផ្លូវការ នៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ ស្ថិតនៅបណ្តោយផ្លូវជាសុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួម ជាសក្ខីភាពពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក លីវ អឺលី (Liu Erli) ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។
ឯកឧត្តម ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ គូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏ដូចជាសមភាគីចិន ក្នុងកិច្ចសហការគ្នានេះនឹងរៀបចំឯកសារចុះបញ្ជីរបស់វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ នៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្នើសុំឱ្យទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីឱ្យវិទ្យាស្ថានមួយនេះក្លាយជាកន្លែងបណ្តុះបណ្តាលមួយប្រកបដោយវិជ្ជាជីវៈច្បាស់លាស់អំពីប្រវត្តិសាស្ត្រនៃគុនខ្មែរ និងបច្ចេកទេសនៃក្បាច់គុនខ្មែរផងដែរ។ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ នឹងក្លាយជាកន្លែងបណ្តុះបណ្តាល មួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែការចេញវិញ្ញាបនបត្របញ្ជាក់ការសិក្សាដោយក្រសួងអប់រំ យុវជន និងកីឡា។
វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមភាគីចិន ជាអ្នកវិនិយោគនូវការរៀបចំវិទ្យាស្ថាននេះជាមួយនឹងការបំពាក់សម្ភារ បរិក្ខាគ្រប់បែបយ៉ាង ខណៈសហព័ន្ធជាអ្នកគ្រប់គ្រងលើគ្រូបង្វឹក ការបណ្តុះបណ្តាលចំណេះដឹងគុនខ្មែរដោយអនុលោមទៅតាមបច្ចេកទេសក្បួនច្បាប់របស់គុនខ្មែរឱ្យបានត្រឹមត្រូវ ដែលសហព័ន្ធបានរៀបចំចងក្រងនូវកេរ្តិ៍មរតកគុនខ្មែរដែលបន្សល់ទុកដោយដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ។ យើងត្រូវប្រាកដថា ការបណ្តុះបណ្តាលនេះត្រូវតែឈរលើភាពច្បាស់លាស់ ក្នុងនាមជាម្ចាស់ក្បាច់គុន។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរបានសហការជាមួយសាកលវិទ្យាល័យកីឡាចំនួន២ នៅប្រទេសចិន ដោយសាកលវិទ្យាល័យមួយស្ថិតនៅក្នុងខេត្តស៊ីឈាន់ និងនៅខេត្តគ័ងស៊ី ដែលកិច្ចសហការគ្នានេះនឹងផ្តល់កិច្ចសហសិក្សា ដោយអនុញ្ញាតឱ្យសិក្ខាកាមបណ្តុះបណ្តាលនៅកម្ពុជា ហើយអាចបន្តការសិក្សានៅសាកលវិទ្យាល័យទាំងពីរនៅប្រទេសចិនបាន។
ជាមួយគ្នានេះដែរ លោក លីវ អឺលី (Liu Erli) នាយកវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ បានថ្លែងលើកឡើងដែរថា ថ្ងៃនេះលោកពិតជាមានកិត្តិយស ដែលបានមានវត្តមាននៅទីនេះ ដើម្បីប្រកាសជាផ្លូវការនៃការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែរ។លោថា នៅខែកញ្ញា ឆ្នាំ ២០២៥ យើងនឹងទទួលស្វាគមន៍សិស្សក្រុមទីមួយ ទន្ទឹមនឹងនេះ វិទ្យាស្ថានបណ្តុះបណ្តាលគុនខ្មែររបស់យើងនឹងប្តេជ្ញាថា ធ្វើឱ្យសិល្បៈក្បាច់គុនខ្មែរក្លាយជានិមិត្តសញ្ញាវប្បធម៌ដ៏មានឥទ្ធិពលបំផុតរបស់អាស៊ាន ៕