ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានអោយដឹងថា ត្រឹមតែរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញម្រេច ជិត ៨ ពាន់តោន (៧.៨៩៦) ធ្លាក់ចុះ ១១,៣២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។
លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា ការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយទេ ខណៈតម្លៃម្រេចធម្មតានៅកម្ពុជាបានកើនដល់ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមានការបញ្ជាទិញ ខណៈស្ដុកម្រេចនៅលើពិភពលោកប្រឈមនឹងការធ្លាក់ចុះ។
កសិកររស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក សឿម សុវណ្ណ ប្រាប់ថា ម្រេចខ្មៅដែលប្រជាកសិករធ្វើការដាំដុះ និងហាលសម្ងួត កំពុងមានតម្លៃទីផ្សារល្អ បើប្រៀបធៀបឆ្នាំមុន ដែលធ្វើឲ្យកសិករសប្បាយរីករាយ។
លោកបានបន្ថែមថា សម្រាប់ម្រេចខ្ចីមួយតោន អាចហាលស្ងួតទៅជាម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយកាលពីឆ្នាំកន្លងទៅ ម្រេចខ្មៅលក់បានត្រឹមតែ ១៦.០០០ រៀល ក្នុងមួយគីឡូក្រាម លុះនៅឆ្នាំនេះម្រេចខ្មៅអាចឡើងរហូតដល់ ២៥.០០០ រៀល ក្នុងមួយគីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន។
យោងតាមសមាគមសហព័ន្ធម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្មម្រេចនៅកម្ពុជាសម្រេចបានប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែតម្លៃម្រេចបានកើនឡើងទ្វេដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧ តោន ទៅ ២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕