ចូលរួមការពារធនធានសត្វផ្សោតតាមរយៈ ចុះល្បាតបទល្មើសនេសាទនៅតំបន់គ្រប់គ្រង និងការពារសត្វផ្សោតនារដូវបិទនេសាទ

ខេត្តក្រចេះ÷មន្ត្រីជំនាញរដ្ឋបាលជលផលសហការគ្នាជាមួយកម្លាំងនគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះត្រួតពិនិត្យនូវរាល់ស្ថានភាពបទល្មើសនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារអភិរក្សសត្វផ្សោត នារដូវបិទនេសាទ។ នេះតាមការឱ្យដឹងពីលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
លោក ម៉ុក ពន្លក បានឱ្យដឹងថា ភូមិសាស្រ្តនេសាទត្រីនៅក្នុងខេត្ត ចែកចេញជាពីរតំបន់។ ក្នុងនោះតំបន់អភិរក្សសត្វផ្សោត ឧបករណ៍លក្ខណៈគ្រួសារក៏ដោយ ដូចជា មង ប្រវែងក្រោម ១០០ ម៉ែត្រ ឬ ១០-២០ ម៉ែត្រ សន្ទូច រនង ក៏ដោយ ឱ្យតែស្ថិតនៅក្នុងតំបន់អភិរក្ស ចាប់ពីក្បាលកោះទ្រង់ ឡើងទៅគឺមិនអនុញ្ញាតនោះទេ។
ក្នុងនោះ ប្រសិនបើនៅក្រៅតំបន់គ្រប់គ្រងការពារអភិរក្សផ្សោត ចាប់ពីក្បាលកោះទ្រង់ចុះមកក្រោម គឺអនុញ្ញាតឱ្យ មង ប្រវែងក្រោម ១០០ ម៉ែត្រ សន្ទូច រនង លប សំណាញ់ ជាលក្ខណៈគ្រួសារ គឺអនុញ្ញាតឱ្យប្រកបរបរនេសាទជាធម្មតា។ ដោយឡែក ឧបករណ៍នេសាទត្រីខុសច្បាប់ ដែលច្បាប់ហាមឃាត់ គឺមិនត្រូវបានអនុញ្ញាតឱ្យនេសាទជាដាច់ខាត់។
លោកនាយខណ្ឌ បានបន្តថា កាលពីថ្ងៃទី១៤-១៥ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ អ្នកនេសាទ ចំនួន ១១ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនយកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទ នៅក្នុងតំបន់គ្រប់គ្រង និងការពារអភិរក្សសត្វផ្សោត និងជីវចម្រុះជលផល ក្នុងភូមិសាស្រ្ត ស្រុកចិត្របុរី ខេត្តក្រចេះ រួចទើបអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ដោយឡែកចំពោះឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់ត្រូវបានដកហូត និងយកទៅរក្សា ទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ។
វត្ថុតាងទាំងនោះ រួមមាន ទូកម៉ាស៊ីន ចំនួន ៨ គ្រឿង និងមងបណ្តែត ក្រឡាធំ ប្រវែង ១៦០០ ម៉ែត្រ៕