មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តនាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទ

រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ មន្ត្រីរាជការ និងសប្បុរស ជនក្នុងខេត្តព្រះសីហនុ បន្តនាំយកថវិកាឧបត្ថម្ភជូនសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។ ពិធីនេះធ្វើឡើងនៅនៅទីស្នាក់កាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានថ្លែអំណអគុណដល់បងប្អូនសប្បុរសជនក្នុងខេត្ត និងនៅក្រៅខេត្ត ដែលបានចូលរួមនាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមខេត្តព្រះសីហនុ នាពេលនេះ ព្រមទាំងបានធ្វើការអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវា កម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ឯកឧត្តម សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាជីវករ ពាណិជ្ជករ នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ពុំខានឡើយ។ ក្រុមការងារសាខាទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
ថវិកាដែលប្រមូលបានពីមន្ត្រីរាជការ អាជីវករ ពាណិជ្ជករ និងសប្បុរសជនលើកទី៥ ក្នុងឱកាសទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ប្រាក់រៀល ៧៧ ២១៧ ៧៧៧រៀល និងដុល្លារ ៤២ ៩៤៦ដុល្លារអាមេរិក៕