ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិភាក្សាលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីដាក់បញ្ចូលនិវត្តជននៃមន្រ្តីរាជការស៊ីវិលចូលក្នុងសមាគមអតីតយុទ្ធជនកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងដែលបានបង្កើតសមាគមនៅក្នុងស្ថាប័នខ្លួនរួមមាន៖ ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា, ក្រសួងមុខងារសាធារណៈ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, និង អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំព្រឹកនេះថា ក្រោយការប្រជុំពិភាក្សាចង្អៀតជាមួយក្រុមការងារបច្ចេកទេស និងតំណាងស្ថាប័នពាក់ព័ន្ធ ចំនួន ៩ដងកន្លងមក ជាលទ្ធផលបានសម្រេចជាឯកច្ឆ័ន្ធនូវខ្លឹមសារកែសម្រួលលក្ខន្តិកៈចំនួន ២ ផ្នែកសំខាន់ៗគឺ ៖ ១. សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានប្ដូរឈ្មោះទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សរសេរអក្សរកាត់ថា អ.ន.ក. និងបានផ្លាស់ប្ដូរឈ្មោះជាអក្សរកាត់ ស.អ.ក. ទៅជា អ.ន.ក. ទាំងអស់។ ២. សេចក្ដីព្រាងវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានកែសម្រួលពី ១៥ ជំពូក និង ៤៨ ប្រការ ទៅជា ១៦ ជំពូក និង ៤៤ ប្រការ។