ភ្នំពេញ ៖ បច្ចុប្បន្ននេះ ការផ្តល់សេវាជូនសមាជិក ប.ស.ស នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស មានភាពល្អប្រសើរជាងមុនច្រើន។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា។
លោកបណ្ឌិតបន្តថា «ការផ្តល់សេវាជូនសមាជិក ប.ស.ស ភាពល្អប្រសើរនេះ ដោយសារយើងបានប្រជុំជាមួយដៃគូសុខាភិបាលទាំងរដ្ឋ និងឯកជន នៅពេលបញ្ហាយើងរួមគ្នាដោះស្រាយជាបន្ទាន់។ ជាក់ស្ដែង កន្លងមកនៅមន្ទីរពេទ្យព្រះអង្គឌួង មានការកកស្ទះ នៃការប្រើប្រាស់សេវាគឺរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាគ្នារកយន្តការបំពាក់នូវភ្នាក់ងារ ប.ស.ស ឱ្យច្រើនជាងមុន ហើយការត្រួតពិនិត្យសុពលភាពរហ័សជាងមុនដូចជាការបន្ថែមនូវកៅអីអង្គុយរង់ចាំ ដើម្បីចៀសវាងការកកស្ទះ នៃការប្រើប្រាស់សេវា ហើយយើងនឹងបន្តធ្វើនៅតាមមន្ទីរពេទ្យផ្សេងៗ ទៀត ទៅលើបញ្ហានេះ»។
ចំណែកលោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ត្រូវខិតខំទទួលស្រូបយកអ្នកជំងឺឱ្យបានច្រើន និងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមកាត់បន្ថយការកកស្ទះរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា «ទាក់ទិននឹងការកកស្ទះរបស់សមាជិក ប.ស.ស ទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូនេះ តាមយោបល់ខ្ញុំ គឺថានៅពេលដែលបងប្អូនជាសមាជិក ប.ស.ស ទាំងអស់ ឈឺចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។ ក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬឈឺក្បាល សូមអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬមណ្ឌលសុខភាព ឬ មន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស ផ្សេងទៀត ដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ករណីវះកាត់បន្ទាន់ទៅពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១ ៥៩៩ កន្លែង នៅទូទាំងប្រទេស ក្នុងនោះ សាធារណៈ ១ ៤៣៤ កន្លែង និង ឯកជន ១៦៥ កន្លែង ដោយបានផ្តល់សេវាព្យាបាលថែទាំវេជ្ជសាស្ត្រដល់សមាជិកប្រមាណជាង ២៤,៨ លានដង បើគិតពីការអនុវត្តមកដល់បច្ចុប្បន្ន៕