រដ្ឋមន្ត្រីក្រសួងការងារ ៖ គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ កម្ពុជា មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាង២៥០កន្លែង

ភ្នំពេញ ៖ គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងសរុបចំនួន ២៥៤ គ្រឹះស្ថាន ក្នុងនោះ គ្រឹះស្ថានសាធារណៈចំនួន ៣៧ គ្រឹះស្ថាន ឯកជនចំនួន ១៩៣ គ្រឹះស្ថាន ដោយចុះបញ្ជីការនៅក្រសួងចំនួន ៧២ គ្រឹះស្ថាន និងគ្រឹះស្ថានក្រោមឱវាទមន្ទីរចំនួន ១២១ គ្រឹះស្ថាន និងអង្គការ/សមាគមចំនួន ២៤ គ្រឹះស្ថាន។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែមិថុនា។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា កន្លងមក ក្រសួង បានបន្តកសាង អភិវឌ្ឍន៍ និងធ្វើបរិវត្តកម្មវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែទំនើប និងមានគុណភាពខ្ពស់កាន់តែប្រសើរ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង (រូបវន្ត) និងទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍យ៉ាងឆាប់រហ័ស នៃមូលដ្ឋាន សេដ្ឋកិច្ច ឧស្សាហកម្ម បច្ចេកវិទ្យាឌីជីថល និងការការពារបរិស្ថានប្រកបដោយចីរភាពរួមមាន ១.បានប្រែក្លាយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានសភាពចាស់ ទ្រុឌទ្រោម និងមានទំហំតូចឱ្យទៅជាគ្រឹះស្ថានមានទំហំធំ កម្ពស់ច្រើនជាន់។ ទី២.ការដាក់ពង្រាយការបណ្តុះបណ្តាលតាមសហគមន៍សម្រាប់ជំនាញសេវាកម្ម និង ជំនាញពាក់ព័ន្ធនឹងកសិកម្ម និងកសិ-ឧស្សាហកម្ម។ ទី៣. ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យ TVET តាមរយៈការលើកទឹកចិត្តក្នុងការបង្កើត និង/ឬពង្រីកកិច្ចសហការរវាងវិស័យឯកជន (សាកលវិទ្យាល័យ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាល TVET សម្រាប់កម្មវិធីបណ្ដុះបណ្ដាលផ្អែកលើការងារ , ការផ្លាស់ប្តូរជំនាញ , ការបង្កើនជំនាញ និងប្រសិទ្ធភាព នៃការគ្រប់គ្រង ដែលសហគ្រាស គ្រឹះស្ថាន អាចជាអ្នកផ្តល់ការបណ្តុះបណ្តាលដោយផ្ទាល់ ប្រសិនបើសហគ្រាស គ្រឹះស្ថានមានបំណងចង់ធ្វើដោយខ្លួនឯង។ សហគ្រាស នឹងមិនត្រឹមតែជាអ្នកផ្តល់ការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្តល់នូវជំនាញ(កម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ) , លើកកម្ពស់ផលិតភាព , និង ចេញវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផងដែរ។ ទី៤.ការលើកកម្ពស់ ពន្លឿន និងជំរុញការអនុវត្តថ្នាលបណ្តុះបណ្តាលតាមប្រព័ន្ធអេឡិចត្រូនិក ដែលអនុញ្ញាតឱ្យកម្មករ-និយោជិត អាចសិក្សាតាមប្រព័ន្ធអនឡាញ (ពីចម្ងាយ) ឬសិក្សា ដោយខ្លួនឯងបាន។ ទី៥.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំនូវឯកសារទស្សនាទានគន្លងអប់រំថ្មី ដើម្បីត្រៀមអនុវត្តសាកល្បងនាពេលខាងមុខឆាប់ៗ នេះ៕