ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា កៀកដៃគ្នាចូលរួមបរិច្ចាគឈាមក្នុងទិវាបរិច្ចាគឈាមពិភពលោក ខួបលើកទី២១

ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដឹកនាំដោយលោក គុជ ឆៃយ៉ា អ្នកចាត់ការទូទៅក្រុម បានចូលរួមបរិច្ចាគឈាម ក្នុងឱកាសទិវាបរិច្ចាគឈាមពិភពលោក ខួបលើកទី២១ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីចុងសប្តាហ៍កន្លងទៅ។
ថ្នាក់ដឹកនាំ ក្រុមបាល់ទាត់ពិធីករ កីឡាកម្ពុជា ព្រមទាំងអ្នកគាំទ្រ ប្រមាណជាង ១០០នាក់ បានរួមគ្នា បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រកបដោយទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ក្នុងន័យ ដើម្បីសង្គ្រោះជីវិត អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ជាពិសេស ស្រ្តី កំពុងសម្រាលកូន និងអ្នកជំងឺវះកាត់ ដែលត្រូវការ ឈាមជាចាំបាច់។ ការផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។
តួយ៉ាងសម្រាប់ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពនោះទេ ហើយឈាម គឺជាឱសថដ៏ស័ក្កសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។
គួរំលឹកថា កាលពីដើមឆ្នាំ២០២៥កន្លងមក ក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា បានចូលរួម បរិច្ចាគឈាម រួចមកហើយ ថែមទាំងបានបំបែកកំណត់ត្រាលើស ១ពាន់សាក់ថែមទៀត និងទទួលបាន ការកោតសរសើរយ៉ាងខ្លាំងពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសរបស់ក្រុម ពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគ ឈាមឲ្យបានគ្រប់គ្នា ដើម្បីជាកម្លាំងមនុស្សធម៌ សម្រាប់ប្រជាជាតិខ្មែរ។
យ៉ាងណាមិញ ចំពោះបេសកម្មបន្ទាប់ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា គឺបានសហការ ជាមួយរដ្ឋបាល ខេត្តសៀមរាប រៀបចំ ការព្រឹត្តិការណ៍ បរិច្ចាគឈាម ក្រោម ប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត” នៅសួនច្បារ មុខព្រះរាជដំណាក់ និងការប្រកួតបាល់ទាត់មិត្តភាព នាទីលានបាល់ទាត់ SRU ផ្លូវក្រវ៉ាត់ ក្រុងសៀមរាប នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ រវាក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា ជាមួយនឹងក្រុមបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប ផងដែរ៕