ប្រធាន IAEA បញ្ជាក់ថាប្រសិនបើអ៊ីស្រាអែលនៅតែបន្តវាយប្រហារ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥតស្រាកស្រាន្តទេ នោះវានឹងអាចបង្ករ ហានិភ័យសាយភាយជាតិវិទ្យុសកម្មមិនខានឡើយ

ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថាលទ្ធភាពនៃការបំពុលទាំងវិទ្យុសកម្ម និងគីមីនៅក្នុងរោងចក្រចម្រាញ់នុយក្លេអែរដ៏សំខាន់របស់អ៊ីរ៉ង់នៅ Natanz បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ទោះបីជាកម្រិតវិទ្យុសកម្មនៅខាងក្រៅបរិវេណបច្ចុប្បន្ននេះមានលក្ខណៈធម្មតាក៏ដោយ។ អគ្គនាយក IAEA លោក Rafael Mariano Grossi បាននិយាយថា ជាតិវិទ្យុសកម្មនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើអ៊ុយរ៉ាញ៉ូមត្រូវបានស្រូបចូល ឬលេបចូលទៅក្នុងរាងកាយមនុស្ស។ លោកបានបន្ថែមថា ហានិភ័យអាចត្រូវបានគ្រប់គ្រងបានប្រកបដោយប្រសិទ្ធភាពជាមួយនឹងវិធានការការពារសមស្របណាមួយ ដូចជាការប្រើប្រាស់ឧបករណ៍ការពារផ្លូវដង្ហើម ខណៈពេលដែលវាស្ថិតក្នុងបរិក្ខារនានា។ លោក Grossi បាននិយាយថា “កម្រិតនៃជាតិវិទ្យុសកម្មនៅខាងក្រៅកន្លែង Natanz នៅតែមិនផ្លាស់ប្តូរ និងស្ថិតក្នុងកម្រិតធម្មតានៅឡើយទេ ដោយវាបង្ហាញថាមិនមានផលប៉ះពាល់វិទ្យុសកម្មខាងក្រៅដល់ប្រជាជន ឬបរិស្ថានពីព្រឹត្តិការណ៍នេះទេ។ លោក Grossi បានថ្លែងសុន្ទរកថាបែបនេះពីក្នុងសម័យប្រជុំបន្ទាន់នៃក្រុមប្រឹក្សាឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅទីក្រុងវីយែនដែលត្រូវបានកោះប្រជុំតាមសំណើរបស់រុស្ស៊ីដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបាននិយាយថាជាក់ស្តែងមិនមានការខូចខាតបន្ថែមនៅឯ Natanz និងកន្លែងស្រាវជ្រាវនុយក្លេអ៊ែរ Isfahan នៅឡើយទេចាប់តាំងពីថ្ងៃសៅរ៍មក។ ប៉ុន្តែលោកបានបន្តថា ក្តីព្រួយបារម្ភចម្បងនៅក្នុងរោងចក្រ Natanz គឺការបំពុលសារធាតុគីមីនៃឧស្ម័នដែលមានឈ្មោះថា uranium hexafluoride ដែលជាលទ្ធផលនៃសារធាតុ fluorine ដែលលាយជាមួយអ៊ុយរ៉ាញ៉ូមកំឡុងពេលចម្រាញ់ចេញ។ អ្នកជំនាញនិយាយថា វាងាយនឹងបង្កជាហេតុឆាប់រលួយ អាចរលាកស្បែក និងអាចស្លាប់ជាពិសេសប្រសិនបើមនុស្សស្រូបវាចូល។ លោកបញ្ជាក់ថា៖ ចំពេលមានស្ថានភាពលំបាក និងស្មុគស្មាញ វាជារឿងសំខាន់ដែល IAEA ទទួលបានព័ត៌មានបច្ចេកទេសទាន់ពេលវេលា និងទៀងទាត់អំពីគ្រឿងបរិក្ខារ និងទីតាំងរៀងៗខ្លួនពីការវាយប្រហារនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ