ទន្ទឹមការចូលរួមពិធីប្រគល់ស្បៀងនិងសម្ភារៈក៏ដូចជាថវិកា ជូនកងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារទឹកដី, ឯកឧត្តមបណ្ឌិត កៅ ថាច បានឆ្លៀតចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មក្នុងខេត្តចំនួន៥ជាប់បឹងទន្លេសាប

ភ្នំពេញ៖ ស្របពេលនៃការចូលរួមពិធីប្រគល់ស្បៀងនិងសម្ភារៈក៏ដូចជាថវិកា ជូនដល់កងកម្លាំងកងទ័ពជួរមុខដែលកំពុងតែឈរជើង ក្នុងបុព្វហេតុនិងបេសកកម្មការពារបូរណភាពទឹកដីនៅប្រាសាទព្រះវិហារ ស្ថិតក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងតែទទួលរងការគំរាមកំហែងពីសំណាក់ការឈ្លានពានរបស់កងទ័ពសៀម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី ក៏បានឆ្លៀតចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនិងសកម្មភាពរបស់ក្រុមហ៊ុនកែច្នៃក្នុងស្រុកនៅខេត្តចំនួន៥ ជាប់បឹងទន្លេសាបផងដែរ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យមើលខ្សែសង្វាក់ផលិតកម្មរបស់ គឺ ទី១ ចាប់ផ្តើមនៅរោងម៉ាស៊ីនកិនស្រូវចំនួន ០២ ទីតាំង ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៊ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៊ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។
ជាមួយគ្នានោះឯកឧត្តមបណ្ឌិតប្រតិភូក៏បានចុះពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែងទៀត ដែលស្ថិតនៅក្រោមគម្រោងកម្ចីឥណទានខ្នាតតូចរបស់ធនាគារ ARDB ដែលស្ថិតនៅឃុំត្រពាំងឫស្សី ខេត្តកំពង់ធំ។
នៅថ្ងៃបន្ទាប់មក ឯកឧត្តមបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងផលិតជីកសិកម្មរបស់ក្រុមហ៊ុន Husk Ventured ដែលមានទីតាំងស្ថិតនៅ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកខ្សែចង្វាក់ផលិតកម្មជី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឆ្លៀតឱកាសចុះពិនិត្យសកម្មភាពប្រមូលទិញ និងស្តុកពោត និងដំឡូងមី នៅតាមទីលានប្រមូលទិញ ឃ្លាំងស្កុកនិងឡសម្ងួតពោត និងដំឡូងមី មួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិនផងដែរ។
ធនាគារ (ARDB) ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលបាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទានដល់គ្រប់តួអង្គ ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកំពុងឆ្ពោះទៅរកទស្សនវិស័យប្រែក្លាយជាធនាគារមានចីរភាព (Sustainable bank) ដូច ដែលមានចែងក្នុងផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ។