ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំភស្ថុភា និងឧ សទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លា ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ

នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានថ្លែងនៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង ១៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្តម ណុប រ័ត្ននិមល បន្តថា នៅក្រោយពេលការប៉ះទង្គិចគ្នាដោយអាវុធ ដោយបានធ្វើឲ្យយុទ្ធជនកម្ពុជា លោក សួន រោន ដែលកំពុងឈរជើងការពារនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋ និងជនរួមជាតិខ្មែរ បានសម្លែងការគោរព និងចូលរួមរំលែកទុក្ខ ដល់វរកងទ័ពកម្ពុជាដែលត្រូវបានកងកម្លាំងយោធាថៃបានបាញ់សម្លាប់ ព្រមទាំងបានរួមគ្នាបង្ហាញនូវស្មារតីជាតិនិយមក្នុងការចូលរួមការពារទឹកដី ក្នុងនោះទាំងព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាជនកម្ពុជាយើង បានរួបរួមសាមគ្គី ដោយបានផ្តល់ស្បៀងអាហារ សម្ភារៈ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងការពារបូរណភាព នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម ណុប រ័ត្ននិមល បានចាត់ទុកថា នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ និងមិនអាចកាត់ថ្លៃបានពីសមរភូមិក្រោយ ចំពោះការលើកទឹកចិត្តដល់សមរភូមិមុខ។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, ឯកឧត្តម ណុប រ័ត្ននិមល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនរួមជាតិខ្មែរ សូមជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែន ពិសេសលើបញ្ហាប្រឈមរវាងប្រទេសកម្ពុជា-ថៃ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតបណ្តឹងជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ពាក់ព័ន្ធនឹងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
ឯកឧត្តម ក៏បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាថា៖កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានមកដែនអធិបតេយ្យរបស់កម្ពុជា។កម្ពុជាចង់បានសុខសន្តិភាព តែក៏មិនឲ្យគេមើលងាយ និងឈ្លានពានស្រេចតែអំពើចិត្តនោះដែរ៕