សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវរៀបចំវិធានការជាតិ ៦ចំណុច ក្នុងការឆ្លើយតបចំពោះការបិទច្រកព្រំដែនដោយភាគីថៃ

នាថ្ងៃទី១៣ មិថុនា ២០២៥ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានបង្ហាញនូវវិធានការជាក់លាក់ចំនួន ៦ ចំណុច ដើម្បីឆ្លើយតបចំពោះស្ថានភាពភាគីថៃបិទច្រកព្រំដែនជាឯកតោភាគី។
សម្តេចតេជោ បាបញ្ជាក់ថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនវិញ តាមស្ថានភាពប្រក្រតី កម្ពុជាចំពោះការរឹតបន្តឹងនេះ ត្រូវអនុវត្តវិធានដូចខាងក្រោម៖
១-បញ្ឈប់ការនាំចូល និងប្រើប្រាស់ទំនិញពីថៃ ដោយលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងទៀតជាជំនួស។
២-គាំទ្រកសិករកម្ពុជា ដោយទិញទំនិញកសិផលដែលធ្លាប់លក់ទៅថៃ និងស្វែងរកទីផ្សារថ្មីទាំងក្នុងស្រុក និងក្រៅប្រទេស។
៣-បង្វែរអ្នកជម្ងឺមកប្រើសេវាសុខាភិបាលក្នុងស្រុក ឬប្រទេសផ្សេងៗវិញ ជំនួសការទៅព្យាបាលនៅថៃ។
៤-ត្រៀមទទួលពលករខ្មែរដែលត្រលប់ពីថៃ ដោយបង្កើតឱកាសការងារថ្មីក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។
៥-ត្រៀមភាពរឹងមាំរបស់កងកម្លាំងប្រដាប់អាវុធ ដើម្បីការពារជាតិ និងឆ្លើយតបចំពោះការឈ្លានពាន ដែលអាចកើតឡើង។
៦-ត្រៀមយកប្រជាជនចេញពីតំបន់ព្រំដែន ទៅកាន់ទីតាំងមានសុវត្ថិភាព បញ្ចាក់ពីការត្រៀមស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈជាចាំបាច់ផ្សេងៗ។
ក្រៅពីវិធានការខាងលើ សម្តេចតេជោ ក៏បានអំពាវនាវ ដោយស្នើសុំឱ្យប្រជាពលរដ្ឋកម្ពុជាមកុំប្រើអំពើជ្រុលនិយមប្រឆាំងនឹងជនជាតិថៃ ក្រុមហ៊ុនថៃ និងស្ថានទូតថៃនានា ហើយមិនគួររៀបចំបាតុកម្ម ឬប្រកាន់ពូជសាសន៍នោះឡើយ។ សម្តេចបានបញ្ជាក់ថា ជនជាតិថៃភាគច្រើនគឺជាមនុស្សល្អ មានតែក្រុមជ្រុលនិយម និងកងទ័ពមួយចំនួនប៉ុណ្ណោះ ដែលបង្កហេតុជាមួយកម្ពុជា ព្រោះរដ្ឋាភិបាលថៃគ្មានសមត្ថភាពគ្រប់គ្រងកងទ័ពបានដូចកម្ពុជានោះទេ។