ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជេីញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តស្ទឹងត្រែង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កសាងដោយ អ្នកឧកញ៉ា ម៉ម វណ្ណឌី ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជនចំនួន៥០គ្រួសារ ដែលមានទីតាំងស្ថិតក្នុង ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនអតីតយុទ្ធជនខេត្តស្ទឹងត្រែងទាំងអស់។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ សូមចុះពិនិត្យឱ្យបានជាប់ជាប្រចាំជាមួយបងប្អូនអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ បូករួមទាំងការយកចិត្តទុកផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់ផងដែរ៕