មនុស្សស្លាប់កើនឡើង៤៩នាក់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់នៅអាហ្វ្រិកខាងត្បូង ភាគច្រើនជាសិស្សសាលាដែលស្ថិតក្នុងរថយន្តក្រុងត្រឡប់មកផ្ទះរបស់ពួកគេវិញ

មកដល់ពេលនេះមានមនុស្ស៤៩នាក់ត្រូវបានគេបញ្ជាក់ថា ស្លាប់កាលពីថ្ងៃពុធនេះ ខណៈដែលទឹកជំនន់បានបំផ្លិចបំផ្លាញខេត្តមួយក្នុងចំនោមខេត្តក្រីក្របំផុតរបស់អាហ្រ្វិកខាងត្បូង ហើយក្រុមមន្ត្រីបាននិយាយថាចំនួនមនុស្សស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងទៀត នៅពេលដែលសពមនុស្សកាន់តែច្រើនត្រូវបានគេរកឃើញពីចំនួនមនុស្សដែលបាត់ខ្លួន។ ទឹកជំនន់បានវាយប្រហារខេត្ត Eastern Cape ភាគអាគ្នេយ៍នៃប្រទេសនេះកាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសបាននាំមកនូវខ្យល់បក់បោកខ្លាំង និងព្រិលនៅផ្នែកខ្លះផងដែរ។ ចំនួនមនុស្សស្លាប់រួមមានសិស្សវិទ្យាល័យចំនួន៦នាក់ដែលត្រូវបានទឹកនាំទៅឆ្ងាយនៅពេលដែលរថយន្តសាលារបស់ពួកគេត្រូវបានលិចនៅក្នុងទឹកជំនន់កាលពីថ្ងៃអង្គារនៅជិតទន្លេមួយនៅជិតទីក្រុង Mthatha ដែលរងគ្រោះខ្លាំង ជាពិសេសវាជាចំណុចកណ្តាលនៃទឹកជំនន់ដ៏អាក្រក់បំផុតដែរ។ លោក Oscar Mabuyane ជាអភិបាលខេត្ត Eastern Cape បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា សិស្ស៤នាក់ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន។ អាជ្ញាធរបានរកឃើញរថយន្តសាលានៅព្រឹកថ្ងៃពុធម្សិលមិញ ប៉ុន្តែវាគ្មានមនុស្សនៅខាងក្នុងនោះទេ។ អាជ្ញាធរខេត្តនេះបានបន្តឲ្យដឹងថា សិស្ស៣នាក់ក្នុងចំណោមសិស្សត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃអង្គារ គឹនៅពេលដែលពួកគេត្រូវបានគេរកឃើញថាកំពុងតោងដើមឈើ និងស្រែករកជំនួយ។ អ្នកបើកបរម្នាក់និងមនុស្សពេញវ័យម្នាក់ទៀតដែលជិះរថយន្តក្រុងជាមួយនឹងសិស្សសាលាទាំងនោះក៏ស្ថិតក្នុងចំណោមមនុស្សស្លាប់ទាំងជាង៤០នោះដែរ។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនឹងបន្តសម្រាប់ថ្ងៃទី៣នៅថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាពួកគេមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនមនុស្សអាចនៅតែបាត់ខ្លួនក៏ដោយ។ ពួកគេបាននិយាយថា ពួកគេកំពុងធ្វើការជាមួយក្រុមគ្រួសារជនរងគ្រោះ ដើម្បីស្វែងរកអ្នកដែលនៅមិនទាន់បានកំណត់អត្តសញ្ញាណ។ មន្ត្រីក្នុងខេត្ត Eastern Cape បាននិយាយថាផ្ទះសម្បែងរាប់រយគ្រួសារត្រូវបានទុកចោល ដោយនាំគ្នាមកនៅក្នុងទីជម្រកបណ្តោះអាសន្ននៅក្នុងខេត្តនោះ បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានទឹកហូរនាំទៅ ឬខ្លះបាក់បែក ខណៈដែលសាលារៀនយ៉ាងតិចចំនួន៥៨ខ្នង និងមន្ទីរពេទ្យចំនួន២០ត្រូវបានខូចខាតដោយទឹកជំនន់ ដែលភាគច្រើនបានប៉ះពាល់ដល់ទីក្រុង Mthatha និងស្រុកជុំវិញនោះ។ អាហ្រ្វិកខាងត្បូងគឺងាយរងគ្រោះដោយសារអាកាសធាតុខ្លាំង ដែលវាបោកបក់មកពីមហាសមុទ្រឥណ្ឌា និងភាគខាងត្បូង។ តំបន់ក្រីក្រដែលមានលំនៅឋានក្រៅផ្លូវការ ច្រើនតែរងផលប៉ះពាល់ខ្លាំងជាងគេពីបញ្ហានេះ ហើយវាជាទីកន្លែងដែលមានមនុស្សស្លាប់ភាគច្រើនបំផុតដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ