ប្រទេសចិនបានចូលរួមជាមួយអ្នកវិទ្យាសាស្ត្រពិភពលោកដើម្បីបេសកកម្មរុករកនៅតំបន់ Hadal ដ៏សែនជ្រៅក្នុងសមុទ្រ

គំនិតផ្តួចផ្តើមអន្តរជាតិត្រួសត្រាយផ្លូវសម្រាប់ការរុករកតំបន់ hadal ដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រចិន បានទទួលការយល់ព្រមជាផ្លូវការហើយពីអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា ទសវត្សរ៍វិទ្យាសាស្ត្រមហាសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ (2021-2030) ។ កម្មវិធី Global Hadal Exploration Program (GHEP) ដែលដឹកនាំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងវិស្វកម្មសមុទ្រទឹកជ្រៅ (IDSSE) ក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) មានគោលបំណងបំប្លែងការស្រាវជ្រាវ Hadal ដែលធ្លាប់បែងខ្ញែកគ្នាទៅជាបេសកកម្មសកលរួមមួយដែលសម្របសម្រួលក្នុងការរុករកស្វែងយល់ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលមិនអាចចូលទៅដល់ចុងបំផុតរបស់ភពផែនដីបាន។ តំបន់ Hadal មានគោលដៅជាចម្បងជាលេណដ្ឋានមហាសមុទ្រ ជាពិសេសពីជម្រៅ 6,000 ម៉ែត្រទៅបាតសមុទ្ររហូតដល់ប្រហែល 11,000 ម៉ែត្រ។ បរិយាកាស Hadal ត្រូវបានកំណត់ដោយលក្ខណៈយ៉ាងជម្រៅ និងសម្ពាធខ្លាំង ភាពងងឹត សីតុណ្ហភាពទាបគ្រោះរញ្ជួយដីញឹកញាប់ និងទម្រង់នៃការរស់នៅដ៏ចម្លែក គឺជាអ្វីដែលទីតាំងនេះមាន។ តាំងពីយូរយារណាស់មកហើយ លេណដ្ឋាន Hadal ដែលស្ថិតក្នុងចំណោមតំបន់ដែលមិនទាន់រុករក និងអាថ៌កំបាំងបំផុតនៅលើភពផែនដី ដោយសារដែនកំណត់ផ្នែកបច្ចេកវិទ្យា។ ប្រទេសចិនគឺជាកត្តាជំរុញដ៏សំខាន់មួយនៃការរុករកនៅសមុទ្រជ្រៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ តាមរយៈការរីកចម្រើនផ្នែកវិទ្យាសាស្ត្រប្រកបដោយនិរន្តរភាព។ ក្នុងឆ្នាំ 2014 CAS បានបើកដំណើរការកម្មវិធីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Hadal អមដោយការជ្រមុជទឹកជាប្រវត្តិសាស្ត្រទៅកាន់ជម្រៅទឹក 10,000 ម៉ែត្ររបស់ Mariana Trench ក្នុងឆ្នាំ 2016 ដដែល។ នៅឆ្នាំ 2022 CAS បានផ្តួចផ្តើមកម្មវិធី Global Trench Dive and Exploration Programme ដោយប្រើប្រាស់នូវនាវាមុជទឹក Fendouzhe ដ៏ទំនើបរបស់វា) និងការស្រាវជ្រាវ។ លោកស្រី Du Mengran អ្នកស្រាវជ្រាវនាំមុខគេនៅ IDSSE បាននិយាយថា “ការផ្សងព្រេងកាន់តែស៊ីជម្រៅគឺអំពីការយល់ដឹងអំពីមហាសមុទ្ររបស់យើង ដូច្នេះយើងអាចរួមរស់ជាមួយវាបាន” ។ លោកស្រីបាននិយាយថា “កិច្ចសហប្រតិបត្តិការជាសកលនៅក្នុង ‘តំបន់ដែលមិនអាចប៉ះពាល់បាន” ទាំងនេះនឹងកំណត់ឡើងវិញនូវព្រំដែននៃវិទ្យាសាស្ត្រសមុទ្រ និងផ្តល់នូវចំណេះដឹងសំខាន់ៗសម្រាប់ការអភិរក្សសមុទ្រជ្រៅ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ រហូតមកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រចិនបានសហការជាមួយអ្នកស្រាវជ្រាវចំនួន 145 នាក់មកពី 10 ប្រទេស ដោយរុករកលេណដ្ឋានចំនួន 9 នៅទូទាំងពិភពលោក រួមទាំងលេណដ្ឋាន Mariana, Kermadec និង Puysegur ។ ចាប់ពីឆ្នាំនេះទៅ GHEP នឹងបង្រួបបង្រួមការស្រាវជ្រាវអន្តរជាតិស្តីពីបរិស្ថានខ្លាំង ការវិវត្តន៍ជីវិត និងដំណើរការភូគព្ភសាស្ត្រនៅក្នុងតំបន់ Hadal ដែរ។ លោក Du បានបន្ថែមថា កម្មវិធីនេះនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិរៀបចំបេសកកម្មមុជទឹកជ្រៅរួមគ្នា និងរៀបចំសន្និសីទជាទៀងទាត់ ខណៈពេលដែលផ្តល់ការបណ្តុះបណ្តាល និងការបើកការចូលប្រើប្រាស់គំរូ ទិន្នន័យ និងសម្ភារៈបរិក្ខារនានា ជាពិសេសសម្រាប់អ្នកវិទ្យាសាស្ត្រវ័យក្មេង។ GHEP នាំមកនូវស្ថាប័នស្រាវជ្រាវមកពីនូវែលសេឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ឈីលី បារាំង ឥណ្ឌូនេស៊ី ប្រេស៊ីល រុស្ស៊ី ឥណ្ឌា កោះឃុក ប៉ាពួញូហ្គីណេ សិង្ហបុរី ព័រទុយហ្គាល់ និងប្រទេសផ្សេងៗទៀត៕
សម្រួលអត្ថបទ៖ Borinika Sopharin Em